១០ឆ្នាំ​គត់​ ​ដែល​គុក​ទួល​ស្លែង​ ​ត្រូវ​បាន​ចុះបញ្ជី​ជា​បណ្ណ​សារ​សារមន្ទីរ​ទួល​ស្លែង​ ​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​ពិភពលោក​របស់​អង្គការ​យូ​ណេស្កូ​!​

ភ្នំពេញ​៖​ ​សារមន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​ ​(​គុក​ទួល​ស្លែង​)​ ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ជា​បណ្ណ​សារ​សារមន្ទីរ​ ​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​ពិភពលោក​របស់​អង្គការ​យូ​ណេស្កូ​ ​នៅ​ថ្ងៃទី៣១​ ​ខែកក្កដា​ ​ឆ្នាំ២០០៩​ ​។​ ​រហូតមកដល់​ថ្ងៃទី៣១​ ​ខែកក្កដា​ ​ឆ្នាំ២០១៩នេះ​ ​គឺ​មាន​រយៈពេល​ដប់​ឆ្នាំ​គត់​ ​។​ ​អង្គការ​យូ​ណេស្កូ​ ​(​UNUCO​)​ ​បាន​ចាត់ទុក​បណ្ណ​សារ​សារមន្ទីរ​ទួល​ស្លែង​នេះ​ ​គឺជា​ភស្តុតាង​នៃ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ ​ដែល​ជា​មេរៀន​ចងចាំ​សម្រាប់​មនុស្សជាតិ​គ្រប់​ជំនាន់​។​

​សូម​រម្លឹក​ថា​ ​សារមន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​ ​(​គុក​ទួល​ស្លែង​)​ ​គឺជា​បូជនីយដ្ឋាន​នៃ​ការ​ចងចាំ​ពី​ព្រឹត្តិ​ការណ៍​ដែល​បាន​កើតឡើង​ក្នុង​អតីតកាល​ ​(​មន្ទីរ​សន្ដិ​សុខ២១​ ​ឬស​-​២១​)​ ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​(​សម័យ​ខ្មែរក្រហម​)​ ​។​ ​អតីត​មន្ទីរ​ឃុំឃាំង​នេះ​ ​ស្ថិតនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​ ​ដែល​ស្ងាត់ជ្រងំ​ ​ក្រោយ​ខ្មែរក្រហម​ជម្លៀស​ប្រជាជន​ទាំងអស់​ចេញ​ ​កាលពី​ថ្ងៃទី១៧​ ​ខែមេសា​ ​ឆ្នាំ១៩៧៥​ ​។​

​គុក​ទួល​ស្លែង​ ​ឬ​មន្ទីរ​ស​ ​២១នេះ​ ​ជា​មណ្ឌល​កណ្តាល​ដ៏​ធំ​មួយ​នៃ​ប្រព័ន្ធ​គុក​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​ក្នុង​សម័យ​ដ៏​ខ្មៅ​ងងឹត​ ​។​ ​គុក​នេះ​ ​ក៏​ជា​កន្លែង​សម្ងាត់​សម្រាប់​ឃុំឃាំង​ ​សួរចម្លើយ​ ​ធ្វើទារុណកម្ម​ ​និង​កំទេច​អ្នក​ដែល​ត្រូវ​ចាត់ទុកថា​ជា​ ​“​អ្នកទោស​នយោបាយ​”​ ​របស់​របប​នេះ​ ​។​ ​ខ្មែរក្រហម​ ​បាន​ចាប់​យក​អ្នកទោស​ ​មក​ឃុំឃាំង​ទាំង​ក្រុម​គ្រួសារ​ ​ដោយ​ផ្អែកលើ​គោលនយោបាយ​ដាក់​កំហុស​ជា​ប្រព័ន្ធ​ ​។​

​អ្នកទោស​មួយចំនួន​តូច​ ​ត្រូវ​បាន​ខ្មែរក្រហម​ដោះលែង​ក្រោយ​ចាប់​មក​ឃុំឃាំង​នៅ​មន្ទីរ​ស​-​២១​ ​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ខ្លួន​ ​ចន្លោះ​ឆ្នាំ១៩៧៥​-​១៩៧៩​ ​ហើយ​ក្នុងចំណោម​នោះ​ ​មានតែ​ជនរងគ្រោះ១២នាក់​ ​ប៉ុណ្ណោះ​ ​ដែល​មានជីវិត​នៅពេល​ដែល​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​បាន​រំដោះ​ទីក្រុង​ភ្នំពេញ​ ​។​ ​ក្នុងចំណោម​ជនរងគ្រោះ១២នាក់​នោះ​ ​ក៏​មាន​កុមារ៤នាក់​ផង​ដែរ​ ​។​

​មន្ទីរ​ឃុំ​ឃាំង​ស​-​២១​ ​មាន​បុគ្គលិក​បម្រើការ​ផ្ទាល់​ ​និង​ប្រយោល​ប្រមាណ​ ​១.៧២០នាក់​។​ ​បុគ្គលិក​ភាគច្រើន​ ​ជា​កម្មករ​បម្រើការ​ងារ​ទូទៅ​ដោយ​រាប់បញ្ចូល​ទាំង​អ្នក​ដាំ​ស្ល​ ​។​ ​រី​ឯ​បុគ្គលិក​មួយចំនួន​ទៀត​ ​បម្រើការ​ផ្ទាល់​នៅ​ផ្នែក​រដ្ឋបាល​ ​យាមកាម​ ​និង​សួរចម្លើយ​អ្នកទោស​ ​។​

​មន្ទីរ​ស​-​២១​ ​ស្ថិតនៅ​ក្នុង​បរិវេណ​អតីត​សាលា​ពីរ​ដែល​សង់​នៅ​ឆ្នាំ១៩៦២​ ​គឺ​សាលាបឋមសិក្សា​ទួល​ស្លែង​ ​និង​វិទ្យាល័យ​ទួលស្វាយព្រៃ​ ​ដែល​មានឈ្មោះ​ដើម​ហៅថា​ ​វិទ្យាល័យ​ព្រះ​ពញាយ៉ាត​។​ ​ខ្មែរក្រហម​ប្រើប្រាស់​ទីតាំង​ទាំងពីរ​ ​ជា​មន្ទីរ​សន្ដិ​សុខ​សម្រាប់​រៀបចំ​ប្រព័ន្ធ​សួរចម្លើយ​អ្នកទោស​ក្រោយពេល​ចូលកាន់​កាប់​ទីក្រុង​ភ្នំពេញ​ ​។​ ​ថ្នាក់រៀន​ត្រូវ​ប្រែក្លាយ​ជា​បន្ទប់​ឃុំឃាំង​ ​និង​បន្ទប់​ធ្វើទារុណកម្ម​ ​។​

​បរិវេណ​ជុំវិញ​មន្ទីរ​សន្តិសុខ​ ​មាន​ហ៊ុ​ព័ទ្ធ​ដោយ​លួសបន្លា​អគ្គិសនី​ ​ហើយ​នៅ​តាម​សំ​យ៉ា​ប​អគារ​ជាន់លើ​មួយចំនួន​មាន​បំពាក់​បន្លា​លួស​ ​ដើម្បី​ការពារ​អ្នកទោស​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ​ ​។​ ​បន្ទប់​រៀន​នី​មួយ​ៗ​នៅ​ជាន់ផ្ទាល់ដី​នៃ​អគារ​ ​“​ក​”​ ​ចែក​ជា២បន្ទប់​តូច​ៗ​សម្រាប់​ឃុំឃាំង​អ្នកទោស​ជាន់ខ្ពស់​ខ្មែរក្រហម​ ​ដែល​ជាប់ចោទ​ពី​បទ​ក្បត់​បដិវត្តន៍​ ​។​ ​ថ្នាក់រៀន​ជាន់ផ្ទាល់ដី​នៃ​អគារ​ ​“​ខ​”​ ​“​គ​”​ ​និង​ ​“​ឃ​”​ ​ប្តូរ​ទៅជា​បន្ទប់​ឃុំ​ឃាំង​តូច​ៗ​ ​មាន​ទំហំ​ ​០.៨ម​ ​x​ ​២ម​ ​ខណ្ឌ​ដោយ​ឥដ្ឋ​ ​និង​នៅ​ជាន់ទី​មួយ​សង់​ពី​ឈើ​ដែល​មាន​ទំហំ​ប្រហាក់​ប្រហែលគ្នា​សម្រាប់​អ្នកទោស​ម្នា​ក់ៗ​ ​។​ ​បន្ទប់​រៀន​ជាន់ទី២​ ​ប្រើ​សម្រាប់​ឃុំ​អ្នកទោស​រួម​ ​ដែល​មាន​ចំនួន​ពី៤០ទៅ៥០នាក់​ ​ដោយ​ដាក់ខ្នោះ​ជើង​ភ្ជាប់​ទៅ​នឹង​កម្រាលឥដ្ឋ​ ​។​ ​ក្នុងចំណោម​បន្ទប់​ធំ​ទាំងនោះ​ ​មាន​បន្ទប់​មួយ​ប្រើជា​ការិយាល័យ​របស់​ប្រធាន​មន្ទីរ​ស​-​២១​ ​ឈ្មោះ​ ​កាំង​ ​ហ្កេ​ក​អ៊ា​វ​ ​ហៅ​ឌុច​ ​និង​បន្ទប់​មួយទៀត​ប្រើជា​ការិយាល័យ​របស់​រដ្ឋបាល​ទូទៅ​ ​និង​សម្រាប់​រក្សាទុក​ឯកសារ​អ្នកទោស​ ​។​ ​ចំណែក​ផ្ទះ​ជុំវិញ​បរិវេណ​មន្ទីរ​ឃុំឃាំង​ ​ប្រើ​សម្រាប់​សួរចម្លើយ​ ​និង​ធ្វើទារុណកម្ម​ ​។​

​នៅចន្លោះ​ឆ្នាំ១៩៧៥​ ​ដល់​ ​ឆ្នាំ១៩៧៩​ ​ខ្មែរក្រហម​ ​បាន​ចាប់ខ្លួន​អ្នកទោស​ប្រមាណ​ជាង​ ​១៥.០០០​ ​ទៅ​ ​២០.០០០នាក់​ ​ពី​ទូទាំង​ប្រទេស​ ​មក​ឃុំឃាំង​នៅ​មន្ទីរ​ស​-​២១​ ​ក្នុងចំណោម​នោះ​ ​ក៏​មាន​សមាជិក​នៃ​ចលនា​ខ្មែរក្រហម​ដែល​ជាប់ចោទ​ពី​បទ​ក្បត់​បដិវត្តន៍​ ​។​

​នៅ​សម័យ​នោះ​ ​មន្ទីរ​ស​-​២១​ ​បាន​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​ការពារ​ជាតិ​ ​ដែល​មាន​ ​លោក​ ​សុន​ ​សេន​ ​ជា​ប្រធាន​ ​។​ ​អ៊ិ​ន​ ​លន​ ​ហៅ​ណាត​ ​ជា​ប្រធាន​ស​-​២១ដំបូង​ ​មុន​តែង​តាំង​ឌុ​ចក្នុង​ឆ្នាំ១៩៧៦​ ​។​ ​មនុស្ស​មួយចំនួន​ដែល​ធ្លាប់ធ្វើ​ការ​នៅ​មន្ទីរ​នេះ​ ​រួមមាន​ ​ឃឹម​ ​វ៉ា​ក​ ​ហៅ​ ​ហ៊​ ​(​អនុ​ប្រធាន​មន្ទីរ​ស​-​២១​)​ ​ម៉ម​ ​ណៃ​ ​(​អនុ​ប្រធាន​មន្ទីរ​ស​-​២១​)​ ​ ​ប៉េង​ ​(​ប្រធាន​ឆ្មាំ​)​ ​សួស​ ​ធី​ ​(​ប្រធាន​អង្គភាព​រដ្ឋបាល​)​ ​និង​ហឿង​ ​សុង​ហួរ​ ​ហៅ​ ​ប៉ុន​ ​(​អ្នក​សួរចម្លើយ​)​ ​។​ ​មន្ទីរ​ស​-​២១​ ​មាន​អង្គភាព​ក្រោម​ឱវាទ​ផ្សេងទៀត​ ​រួមមាន​តំបន់​គុក​ព្រៃស​(​ស​-​២៤​)​ ​ដែល​ជា​មណ្ឌល​អប់រំ​កែប្រែ​ ​ស្ថិតនៅ​ក្នុង​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​ ​និង​ជើងឯក​ ​ជា​កន្លែង​ពិឃាត​ដ៏​ធំ​ដែល​មាន​ចម្ងាយ១៥គីឡូម៉ែត្រ​ ​ពីទី​ក្រុងភ្នំពេញ​ ​។​

​ក្រោយ​ចូល​មក​ដល់​មន្ទីរ​ស​-​២១​ ​ខ្មែរក្រហម​បង្ខំ​អ្នកទោស​ឱ្យ​ថតរូប​ ​ផ្តល់​ចម្លើយ​ទាក់ទង​នឹង​ព័ត៌មាន​ផ្ទាល់ខ្លួន​ ​និង​ខ្សែបណ្ដាញ​ ​។​ ​អ្នកទោស​ត្រូវ​និយាយ​រៀបរាប់​ពី​ជីវប្រវត្ដិ​លម្អិត​ពី​កុមារភាព​រហូតដល់​ថ្ងៃ​ចាប់ខ្លួន​ ​។​ ​ឆ្មាំ​បង្ខំ​ឱ្យ​អ្នកទោស​ដោះ​សំលៀកបំពាក់​ ​និង​ដកហូត​របស់របរ​ទាំងអស់​ ​ទើប​បញ្ចូន​ទៅ​បន្ទប់​ឃុំឃាំង​ ​។​ ​អ្នកទោស​ដែល​ជាប់​ក្នុង​បន្ទប់​តូច​ៗ​ ​ត្រូវ​ដាក់ច្រវ៉ាក់​ជើង​ភ្ជាប់នឹង​កម្រាលឥដ្ឋ​ ​។​ ​ដោយឡែក​អ្នក​ជាប់​ក្នុង​បន្ទប់​ធំ​ ​ដែល​គ្មាន​ជញ្ជាំង​ខណ្ឌ​ ​ត្រូវ​ដាក់ខ្នោះ​ជើងវែង​រួមគ្នា​។​ ​ខ្មែរក្រហម​ ​ឱ្យ​អ្នកទោស​ដេក​ទិស​ផ្ទុយគ្នា​ដើម្បី​ទប់ស្កាត់​ការ​លួច​ប្រាស្រ័យ​ទាក់ទង​ ​និង​ហាម​មិន​ឱ្យ​និយាយ​ទាក់ទងគ្នា​ ​។​

​អ្នកទោស​ ​ដេក​ផ្ទាល់​លើ​កម្រាលឥដ្ឋ​ ​គ្មាន​កន្ទេល​ ​មុង​ ​ឬ​ភួយ​ដណ្តប់​ឡើយ​។​ ​អ្នកទោស​ទាំងអស់​ ​ត្រូវ​គោរព​តាម​បទ​បញ្ញ​ត្ដិ​យ៉ាង​តឹងរ៉ឹង​បំផុត​ ​បើ​មិន​ដូច្នោះ​នឹង​ត្រូវ​ទទួលទណ្ឌកម្ម​ដោយ​វាយ​នឹង​រំពាត់​ ​ឬ​ឆក់​ខ្សែភ្លើង​ ​ហើយ​ហាម​មិន​ឱ្យ​ស្រែក​ ​ទោះ​រាងកាយ​ឈឺចាប់​ក៏ដោយ​ ​។​ ​គ្រប់​សកម្មភាព​ទាំងអស់​របស់​អ្នកទោស​ ​ទោះ​អង្គុយ​ ​ងាកខ្លួន​ ​ឬ​បន្ទោរ​បង់​ ​ត្រូវ​សុំ​ការអនុញ្ញាត​ពី​ឆ្មាំ​ ​។​ ​អ្នកទោស​មាន​ជំងឺ​សើរ​ស្បែក​ដែល​បង្ក​ដោយ​ចៃ​ ​និង​ជំងឺ​ធ្ងន់​ធ្ងរ​ផ្សេង​ៗ​ ​ត្បិត​អ្នក​ទាំងនោះ​រស់នៅ​ក្នុង​បន្ទប់​ឃុំ​ឃំា​ងរួម​ ​គួបផ្សំ​នឹង​ខ្វះ​អនាម័យ​។​

​រៀងរាល់​ម៉ោង​ ​៤​:​៣០ព្រឹក​ ​ខ្មែរក្រហម​ឱ្យ​អ្នកទោស​ដោះ​សំលៀកបំពាក់​ ​ដើម្បី​ត្រួតពិនិត្យ​ទូទៅ​ ​ក្រែងលោ​មាន​របូត​ខ្នោះ​ ​ឬ​លាក់​វត្ថុ​ដែល​អាច​ធ្វើ​អ​ត្ដ​ឃាត​បាន​ ​។​ ​ឆ្មាំ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ ​ក្នុង​ការ​ត្រួតពិនិត្យ​ខ្នោះ​និង​បន្ទប់​ឃុំឃាំង​ជា​រៀងរាល់ថ្ងៃ​ ​ព្រោះ​កន្លងមក​ធ្លាប់​មាន​អ្នកទោស​មួយចំនួន​សម្លាប់​ខ្លួន​ ​។​

​អ្នកទោស​នៅ​មន្ទីរ​ស​-​២១ភាគច្រើន​ ​ជាប់ចោទ​ពី​បទ​ក្បត់បក្ស​ ​ឬ​ក្បត់​បដិ​វត្ដ​ន៍​ ​ឬ​ជា​ជនបង្កប់​ ​ធ្លាប់ធ្វើ​ការ​ជាមួយ​ទាហាន​ក្បត់​ ​ដែល​ខ្មែរក្រហម​ចាប់ឃុំឃាំង​ ​។​ ​ក្រោយ​ការដឹកនាំ​មួយរយៈពេល​វែង​ ​មេដឹកនាំ​ខ្មែរក្រហម​ចាប់ផ្តើម​សង្ស័យ​ ​និង​បាត់បង់​ជំនឿ​ចិត្ដ​ទៅលើ​ជួរ​កម្មាភិបាល​ ​និង​ទាហាន​របស់​ខ្លួន​ ​។​

​ហេតុដូច្នេះ​ ​ទើប​បុគ្គលិក​មួយចំនួន​នៅ​មន្ទីរ​ស​-​២១​ ​ក្លាយទៅជា​អ្នកទោស​ដោយ​ជាប់ចោទ​ពី​បទ​ខ្ជិលច្រអូស​ក្នុង​ការរៀបចំ​ឯកសារ​ ​ធ្វើ​ឱ្យ​ខូច​ម៉ាស៊ីន​ ​និង​សម្ភារ​ផ្សេង​ៗ​ ​ឬ​វាយ​សួរចម្លើយ​អ្នកទោស​រហូតដល់​ស្លាប់​ដោយ​គ្មាន​ការអនុញ្ញាត​ ​។​

​អ្នក​សួរចម្លើយ​នៅ​មន្ទីរ​ស​-​២១​ ​បង្ខំ​អ្នកទោស​ឱ្យ​សារភាព​ទៅតាម​បទ​ល្មើស​ផ្សេង​ៗ​ដែល​បាន​ចោទប្រកាន់​។​ ​ជាទូទៅ​អ្នកទោស​ ​ពុំ​ដឹងពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​ឡើយ​ ​ប៉ុន្តែ​ខ្មែរក្រហម​បង្ខំ​ឱ្យ​សារភាព​កំហុស​តាមរយៈ​ការ​ធ្វើទារុណកម្ម​ ​។​ ​ទម្រង់​នៃ​ការ​ធ្វើទារុណកម្ម​ ​មាន​ជាអាទិ៍​ការ​ឆក់​ខ្សែភ្លើង​ ​ការ​ចាប់​ជ្រមុជទឹក​ ​និង​ការ​ចងដៃ​ព្យួរ​ ​រួច​ទាញ​ឡើងលើ​រហូតដល់​សន្លប់​ ​។​ ​ក្រោយ​ផ្តល់​ចម្លើយ​សារភាព​ ​អ្នកទោស​ត្រូវ​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​កំទេច​ ​។​ ​ជនរងគ្រោះ​ដែល​រួចជីវិត​បន្ទាប់ពី​ការ​ធ្វើទារុណកម្ម​ធ្ងន់ធ្ងរ​ ​ត្រូវ​យក​ទៅ​សម្លាប់ចោល​នៅ​បរិវេណ​ក្បែរ​មន្ទីរ​ ​ឬ​បញ្ចូន​ទៅ​វាល​ពិឃាត​ជើងឯក​ដែល​ស្ថិតនៅ​ជាយក្រុង​ ​។​ ​ជា​ញឹកញយ​ខ្មែរក្រហម​ ​បង្ខំ​អ្នកទោស​ឱ្យ​ជីករណ្ដៅ​កប់​ខ្លួនឯង​ ​ឬ​សម្រាប់​កប់​អ្នក​ផ្សេងទៀត​ ​មុន​ពេល​សម្លាប់​ដោយ​ឧប​ក​រណ៍​ផ្សេង​ៗ​ ​។​

​ក្រោយពេល​កងទ័ព​ចូល​រំដោះ​ទីក្រុង​ ​ឬ​ក្រោយ​ការ​ដួល​រលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​មាន​ជនរងគ្រោះ​ចំនួន១២នាក់​រួចផុត​ពី​ការ​សម្លាប់​ ​ក្នុង​នោះ​មាន​ក្មេង៤នាក់​ដែល​ប្រទះឃើញ​នៅក្នុង​បរិវេណ​នៃ​មន្ទីរ​ស​-​២១​ ​។​ ​បច្ចុប្បន្ន​មាន​ជនរងគ្រោះ​តែ៤នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់រាន​មានជីវិត​ ​រួមមាន​ ​លោក​ ​ជុំ​ ​ម៉ី​ ​លោក​ ​ប៊ូ​ ​ម៉េ​ង​ ​និង​អតីត​កុមារ​ពីរ​រូប​គឺ​ ​លោក​ ​នង​ ​ចាន់​ផល​ ​និង​ប្អូនប្រុស​ឈ្មោះ​ ​នង​ ​ចាន់​លី​ ​។​ ​ដោយឡែក​ក្មេង២នាក់​ទៀត​មិន​ទទួល​បាន​ដំណឹង​ឡើយ​ ​បន្ទាប់ពី​នាំ​យក​ទៅ​ចិញ្ចឹម​បីបាច់​ក្នុង​មណ្ឌលកុមារ​កំព្រា​ ​ក្រោយ​សម័យ​ខ្មែរក្រហម​ដួល​រលំ​ ​។​

​តុលាការ​ខ្មែរក្រហម​ ​ដែល​មានឈ្មោះ​កាត់​ហៅថា​ ​អ.វ.ត.ក​ ​(​អង្គ​ជុំ​នុំ​ជម្រះ​វិ​សម​ញ្ញ​ក្នុង​តុលាការ​កម្ពុជា​)​ ​បានសម្រេច​កាត់ទោស​លោក​ ​កាំង​ ​ហ្កេ​ក​អ៊ា​វ​ ​(​ឌុច​)​ ​អតីត​ប្រធាន​មន្ទីរ​ស​-​២១​ ​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ ​និង​ឧក្រិដ្ឋ​កម្ម​សង្រា្គ​មកា​លពី​ឆ្នាំ២០១០​ ​ហើយ​បច្ចុប្បន្ន​ ​ឌុច​ ​ត្រូវ​តុលាការ​នេះ​ ​កាត់ទោស​ឱ្យ​ជាប់ពន្ធ​នា​គារ​អស់មួយជីវិត​ ​។​ ​ទន្ទឹម​នឹង​នោះ​ ​តុលាការ​នេះ​ ​កំពុង​ដំណើរការ​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​ផ្សេងទៀត​ ​ខណៈ​ដែល​មេដឹកនាំ​ខ្លះ​ ​បាន​ស្លាប់​បន្តបន្ទាប់​ចាប់ពី​ឆ្នាំ១៩៧៩មក​ ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង