បទ​វិភាគ​៖​ ​បកស្រាយ​ចម្ងល់​ដែល​គ្រប់គ្នា​តែងតែ​សួរ​លើ​បញ្ហា​សំរាម​ ​នៅ​អាស៊ី​អាគ្នេយ៍​

បញ្ហា​សំរាម​ ​បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅ​ ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ​ដែល​បាន​កើតឡើង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ​ខណៈ​ប្រទេស​មួយចំនួន​ ​បាន​ចាត់វិធានការ​ពិន័យ​ក្រុមហ៊ុន​នាំចូល​ ​និង​បញ្ជា​ឱ្យ​ដឹក​សំរាម​ទាំងនោះ​ ​ត្រឡប់ទៅ​កាន់​ប្រទេស​ដើម​វិញ​។​ ​សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា​ ​សំរាម​ ​ភាគច្រើន​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​អភិវឌ្ឍ​ ​ដូចជា​ ​សហរដ្ឋអាមេរិក​ ​កាណាដា​ ​អង់គ្លេស​ ​អាល្លឺម៉ង់​ ​អូស្ត្រាលី​ ​ជាដើម​។​ ​យ៉ាងណាមិញ​ ​មានការ​លើក​ជា​សំណួរ​ជាច្រើន​ ​ដូចជា​ ​ហេតុអ្វីបានជា​ប្រទេស​ដែល​ជា​ប្រភព​នៃ​សំរាម​ ​ដឹក​សំរាម​មក​បោះចោល​នៅ​អាស៊ី​អាគ្នេយ៍​?​ ​តើ​ប្រទេស​ដែល​ជា​ប្រភព​សំរាម​ទាំងនោះ​ ​មិន​មានច្បាប់​គ្រប់គ្រង​សំរាម​ទេ​ឬ​?​ ​ប្រទេស​ទាំងនោះ​ ​ពិតជា​មិនបាន​ដឹង​ថា​ ​សំរាម​របស់​ខ្លួន​ ​ត្រូវ​បាន​ដឹកជញ្ជូន​មក​អាស៊ី​អាគ្នេយ៍​មែនទេ​?​

​កាលពី​ខែមករា​ ​ឆ្នាំ២០១៨​ ​រដ្ឋាភិបាល​ចិន​ ​បាន​ចេញ​បម្រាម​នាំចូល​សំរាម​ពី​បរទេស​ ​ដោយសារតែ​ចិន​ ​ដែល​ជាទី​កន្លែង​កែច្នៃ​សំរាម​ដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក​ ​ជួបនឹង​បញ្ហា​ខ្វះ​កន្លែង​ទុក​សំរាម​ទៀតហើយ​ ​ម្យ៉ាង​ដើម្បី​ការពារ​បរិស្ថាន​ ​និង​គុណភាព​ខ្យល់​ ​ធ្វើ​ឱ្យ​ប្រទេស​អភិវឌ្ឍ​នានា​ ​ជួប​ការ​លំបាក​ក្នុង​ការស្វែងរក​ទីតាំង​សម្រាប់​ទុកដាក់​សំរាម​របស់​ពួកគេ​។​ ​ជា​លទ្ធផល​ ​កាកសំណល់​ទាំងនោះ​ ​បាន​ធ្លាក់​មក​លើ​ប្រទេស​កំពុង​អភិវឌ្ឍ​ ​នៅ​អាស៊ី​អាគ្នេយ៍​។​

​ចំពោះ​សហរដ្ឋអាមេរិក​ ​ការនាំចូល​សំរាម​ពី​អាមេរិក​ទៅកាន់​អាស៊ី​អាគ្នេយ៍​ ​បាន​កើនឡើង​ជាលំដាប់​ ​ក្រោយ​បម្រាម​របស់​ចិន​លើ​ការនាំចូល​សំរាម​នេះ​។​ ​យោង​តាម​ទិន្នន័យ​វិភាគ​ពី​ការិយាល័យ​ជំរឿន​អាមេរិក​ ​បានឱ្យ​ដឹង​ថា​ ​ក្នុងរយៈពេល​ត្រឹមតែ​ ​៦ខែ​ ​ដើមឆ្នាំ២០១៨​ ​សំរាម​សម្រាប់​កែច្នៃ​ ​ជិត​ពាក់កណ្ដាល​របស់​អាមេរិក​ ​ត្រូវ​បាន​នាំចូល​ទៅកាន់​ប្រទេស​ថៃ​ ​ម៉ាឡេស៊ី​ ​និង​ ​វៀតណាម​។​ ​ក្នុង​ឆ្នាំ២០១៧​ ​អាមេរិក​ ​ដឹកជញ្ជូន​សំរាម​របស់​ខ្លួន​ជាង​ ​៧០​%​ ​ទៅកាន់​ប្រទេស​ចិន​ ​និង​ ​ហុងកុង​។​

​នៅ​អាមេរិក​ ​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​ ​EPA​ ​បាន​ចេញច្បាប់​គ្រប់គ្រង​សំណល់រឹង​ ​និង​គ្រោះថ្នាក់​ ​ឆ្នាំ១៩៧៦​។​ ​ត្រង់​មាតា​មួយ​ ​នៃ​ច្បាប់​នេះ​ ​បាន​លើកទឹកចិត្ត​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​រៀបចំផែនការ​ផ្ទាល់ខ្លួន​ ​ដើម្បី​គ្រប់គ្រង់​សំណល់​ឧស្សាហកម្ម​ដែល​មិន​មាន​គ្រោះថ្នាក់​ ​និង​សំណល់រឹង​ ​ដែល​ក្នុង​នោះ​ ​សំណល់​ប្លាស្ទិក​ ​ផង​ដែរ​។​ ​ច្បាប់​តម្រូវ​ឱ្យ​មាន​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​ ​ដូចជា​ ​កប់​ ​ដុត​កម្ទេច​ ​កែច្នៃ​ ​រំលាយ​ ​និង​វេ​ប​ខ្ចប់​ដើម្បី​នាំចេញ​ ​ជាដើម​។​

​អ្នកវិភាគ​មួយចំនួន​ ​ធ្លាប់​បាន​ផ្ដល់​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ ​Guardian​ ​ថា​ ​ក្រុមហ៊ុន​មួយចំនួន​នៅ​សហរដ្ឋអាមេរិក​ ​កំ​ពុង​កេញ​ចំណេញ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ពី​ប្រទេស​កំពុង​អភិវឌ្ឍ​ ​ដែល​គ្មាន​ច្បាប់​ត្រឹមត្រូវ​លើ​ការគ្រប់គ្រង​សំរាម​ប្លាស្ទិក​ ​ដោយធ្វើ​ការ​ដឹក​សំណល់​ទាំងនោះ​ ​ទៅ​ចោល​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​។​

​របាយការណ៍​ឆ្នាំ២០១៨​ ​ឱ្យ​ដឹង​ដែរ​ថា​ ​សំណល់​ប្លាស្ទិក​ដែល​នាំចេញ​ពី​អាមេរិក​ទៅ​ថៃ​ ​បាន​កើនឡើង​ ​២០០០​%​ ​ដល់​ជាង​ ​៩ម៉ឺន​តោន​,​ ​ទៅ​ម៉ាឡេស៊ី​ ​កើន​ជាង​ ​២៧៣​%​ ​ដល់​ជាង​ ​១៥ម៉ឺន​តោន​ ​និង​ ​ទៅ​វៀតណាម​ ​កើន​ ​៤៦​%​ ​ដល់​ ​៧ម៉ឺន​តោន​។​ ​ការនាំចូល​ទៅ​តួ​កគី​ ​និង​កូរ៉េ​ខាងត្បូង​ ​ក៏​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ ​ក្នុងរយៈពេល​ដូចគ្នា​។​

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​កម្ពុជា​ ​លោក​ ​នេត​ ​ភក្ត្រា​ ​ថ្មី​ៗ​នេះ​ ​បានឱ្យ​ដឹង​ថា​ ​ករណី​នាំចូល​សំរាម​ ​៨៣កុងតឺន័រ​ ​ទម្ងន់​ជិត​ ​១៦០០តោន​ ​នៅ​ខេត្ត​ព្រះសីហនុ​ ​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​ ​និង​កាណាដា​ ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​បើក​ការស៊ើបអង្កេត​រក​ប្រភព​។​ ​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​ ​បានឱ្យ​ដឹង​ថា​ ​កាកសំណល់​ប្លាស្ទិក​ទាំងនេះ​ ​នាំមក​ពី​សហរដ្ឋអាមេរិក​ ​ចំនួន​ ​៧០កុងតឺន័រ​ ​និង​ ​កាណាដា​ ​ចំនួន​ ​១៣កុងតឺន័រ​។​ ​ឯកសារ​ដឹកជញ្ជូន​បានឱ្យ​ដឹង​ថា​ ​មុននឹង​មកដល់​កម្ពុជា​ ​កុងតឺន័រ​ទាំងនោះ​ ​បាន​ឆ្លងកាត់​កំពង់ផែ​ប្រទេស​សិង្ហបុរី​ ​ម៉ាឡេស៊ី​ ​និង​វៀតណាម​។​ ​ករណីនេះ​ ​ក្រុមហ៊ុន​ ​ដែល​រង់ចាំ​ទទួលយក​សំណល់​ប្លាស្ទិក​ទាំងនោះ​ ​មានឈ្មោះ​ ​ជុ​ងយៀន​ ​ផ្លា​ស្ទិ​ក​ ​មេនូ​ហ្វេ​ក​ឈ័រ​ ​ឯក​.​ ​ដែល​មាន​ថៅកែ​ជា​ជនជាតិ​ខ្មែរ​ ​ឈ្មោះ​ ​សួន​ ​ឡុក​។​ ​ប៉ុន្តែ​ ​ក្រុមហ៊ុន​ដែល​ផ្ដល់​សំណល់​ប្លាស្ទិក​ជូន​ក្រុមហ៊ុន​នេះ​ ​ដែល​មាន​ប្រភព​ពី​អាមេរិក​ ​និង​កាណាដា​ ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ ​បានសម្រេច​ដាក់​ពិន័យ​ក្រុមហ៊ុន​ដែល​មាន​ថៅកែ​ជា​ជនជាតិ​ខ្មែរ​នោះ​ ​ជា​ទឹកប្រាក់​ចំនួន​ ​១០៣៧,៥​ ​លាន​រៀល​ ​ចូល​ជា​ថវិកាជាតិ​ ​និង​តម្រូវ​ឱ្យ​នាំ​សំរាម​ទាំងនោះ​ ​ត្រឡប់ទៅ​ប្រទេស​ដើម​វិញ​ ​ឱ្យ​បាន​មុន​ថ្ងៃទី២៤​ ​ខែសីហា​ ​ឆ្នាំ២០១៩​។​

​ថ្មី​ៗ​នេះ​ដែរ​ ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ ​ទើបតែ​ដឹក​សំរាម​ ​៧កុងតឺន័រ​ ​ត្រឡប់ទៅ​កាន់​ប្រទេស​បារាំង​ ​និង​ហុងកុង​ ​ដែល​ជា​ប្រទេស​ដើម​នៃ​សំរាម​វិញ​ ​នៅ​ចុងខែ​កក្កដា​ ​ឆ្នាំ២០១៩នេះ​។​ ​ហើយ​បច្ចុប្បន្ន​ ​សំរាម​ ​៤២កុងតឺន័រ​ទៀត​ ​កំពុង​ត្រៀម​ចេញដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ ​អូស្ត្រាលី​ ​និង​ ​អាល្លឺម៉ង់​ ​វិញ​ផង​ដែរ​។​

​ចំណែក​ ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ ​កាលពី​ខែឧសភា​ ​បាន​ដឹក​កាកសំណល់​ ​៣០០០តោន​ ​ទៅកាន់​ប្រទេស​ដែល​ជា​ប្រភព​ដើម​ ​ចំនួន​ ​១៤ប្រទេស​ ​ក្នុង​នោះ​ ​មាន​ ​បារាំង​ ​កាណាដា​ ​អូស្ត្រាលី​ ​ចក្រភព​អង់គ្លេស​ ​សហរដ្ឋអាមេរិក​ ​ជាដើម​។​ ​មុន​នេះ​ ​លោក​ប្រធានាធិបតី​ហ្វីលីពីន​ ​រ៉ូ​ឌ្រីហ្គោ​ ​ទុយ​ទឺ​តេ​ ​ធ្លាប់​ប្រកាស​សង្គ្រាម​ជាមួយ​កាណាដា​ ​លើ​បញ្ហា​សំរាម​នេះ​ ​ដោយ​លោក​បាន​ដាក់កំហិត​ឱ្យ​រដ្ឋាភិបាល​កាណាដា​ ​ដឹក​យក​សំរាម​ពី​ប្រទេស​របស់​លោក​ ​ត្រឡប់ទៅ​កាន់​ប្រទេស​គេ​វិញ​។​ ​ជា​លទ្ធផល​ ​សំរាម​ ​៦៩កុងតឺន័រ​ ​ត្រូវ​បាន​ដឹក​ទៅដល់​កាណាដា​៕​

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង