បទ​វិភាគ​៖​ ​មូលហេតុ​ ​ចិន​ ​មិន​ចង់ឱ្យ​ផ្ទុះ​សង្គ្រាម​រវាង​អាមេរិក​ ​និង​ ​អ៊ីរ៉ង់​

​ចិន​ ​មិន​ចង់ឱ្យ​សង្គ្រាម​កើតឡើង​រវាង​សហរដ្ឋអាមេរិក​ ​និង​អ៊ីរ៉ង់​ ​នោះ​ទេ​ ​ហើយ​បាន​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ​ ​ជៀសវាង​ការ​ប្រឈមមុខនឹង​ដាក់គ្នា​ ​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​។​ ​យ៉ាងណាក៏ដោយ​ ​ថ្វីបើ​មាន​ទំនាក់ទំនង​ល្អជា​មួយ​ទីក្រុង​តេហេរ៉ង់​ក្ដី​ ​ក៏​ចិន​ ​អាច​ពិចារណា​ក្នុង​ការចូលរួម​ជាមួយ​កងកម្លាំង​ចម្រុះ​ការពារ​ដែនសមុទ្រ​អន្តរជាតិ​ជិត​ប្រទេស​អ៊ីរ៉ង់​ ​សម្រាប់​នាវា​ដឹក​ទំ​និញ​ផ្សេង​ៗ​ ​ដែល​ឆ្លងកាត់​ឈូងសមុទ្រ​ពែ​ក្ស​។​

​សុវត្ថិភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ ​នៅ​ច្រកសមុទ្រ​ ​Hormuz​ ​ដែល​តភ្ជាប់​រវាង​ឈូងសមុទ្រ​ពែ​ក្ស​ ​និង​ឈូងសមុទ្រ​អូម៉ង់​ ​ដែល​ជា​ច្រក​នាំចេញ​ប្រេង​ដ៏​ធំ​បំផុត​លើ​ពិភពលោក​ ​គឺជា​ការ​ព្រួយបារម្ភ​របស់​សហគមន៍​អន្តរជាតិ​។​

​យោង​តាម​ក្រសួងការពារជាតិ​អង់គ្លេស​ ​បានឱ្យ​ដឹង​ថា​ ​នាវាចម្បាំង​ ​Type​ ​23​ ​Frigate​ ​HMS​ ​Montrose​ ​បាន​ព្រមាន​បាញ់​កម្ទេច​ទូក​របស់​កងកម្លាំង​អ៊ីរ៉ង់​ ​ដែល​បាន​ព្យាយាម​ស្ទាក់​ ​និង​រឹបអូស​កប៉ាល់​ដឹក​ប្រេង​របស់​អង់គ្លេស​មួយ​គ្រឿង​ ​ដែល​បាន​ធ្វើដំណើរ​ឆ្លងកាត់​ច្រកសមុទ្រ​ ​Hormuz​ ​កាលពី​ថ្ងៃទី១០​ ​ខែកក្កដា​ ​ឆ្នាំ២០១៨​។​ ​ការចោទប្រកាន់​នេះ​ ​ត្រូវ​បាន​ទីក្រុង​តេហេរ៉ង់​ ​ច្រានចោល​។​

​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ ​ទៅលើ​កប៉ាល់​ដឹក​ប្រេង​មួយចំនួន​ ​កាលពី​ខែឧសភា​ ​និង​មិថុនា​ ​ដែល​ធ្វើដំណើរ​នៅ​តំបន់​ខាងលើ​ ​និង​ការ​បាញ់​ទម្លាក់​ដ្រូន​អាមេរិក​ ​និង​ ​អ៊ីរ៉ង់​ ​គ្នា​ទៅវិញទៅមក​ ​បាន​ធ្វើ​ឱ្យ​កម្ដៅ​កាន់តែ​កើនឡើង​ខ្លាំង​។​ ​អ៊ីរ៉ង់​ ​អាច​ប្រើប្រាស់​ទូក​ល្បឿន​លឿន​ ​និង​គ្រាប់​ផ្លោង​ ​ធ្វើជា​សញ្ញា​ដើម្បី​ព្រមាន​ដល់​សហរដ្ឋអាមេរិក​ ​ប្រសិនបើ​ទីក្រុង​វ៉ាស៊ីនតោន​ ​និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ ​ព្យាយាម​បំផ្លាញ​ផល​ប្រយោជន​របស់​ទីក្រុង​តេហេរ៉ង់​។​

​គួរ​រំឭក​ថា​ ​ភាព​តានតឹង​បាន​កើតឡើង​ ​រវាង​អាមេរិក​ ​និង​អ៊ីរ៉ង់​ ​កាលពី​ឆ្នាំមុន​ ​នៅពេល​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ ​ដូ​ណាល់​ ​ត្រាំ​ ​បាន​ប្រកាស​ដកខ្លួន​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​ ​រួម​ទាំង​ចិន​ ​ដែល​ជា​ប្រទេស​ហត្ថលេខី​ ​ក្នុង​ឆ្នាំ២០១៥​ ​ដើម្បី​ដាក់កំហិត​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេហេរ៉ង់​។​ ​មិន​តែប៉ុណ្ណោះ​ ​ទីក្រុង​វ៉ាស៊ីនតោន​ ​បាន​ដាក់​ទណ្ឌ​កម្ម​ថ្មី​ៗ​ទៅលើ​បុគ្គល​ ​និង​ក្រុមហ៊ុន​អ៊ីរ៉ង់​ ​ដែល​ធ្វើ​ឱ្យ​ស្ថានភាព​កាន់តែ​យ៉ាប់​យឺន​បន្ថែម​ទៀត​ ​ហើយ​ប្រកាស​បង្កើត​កងកម្លាំង​ចម្រុះ​មួយ​ ​ដែល​ដឹកនាំ​ដោយ​អាមេរិក​ ​នៅ​ឈូងសមុទ្រ​ពែ​ក្ស​។​

​អ៊ីរ៉ង់​ ​បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់​អាមេរិក​ ​ដោយ​បាន​រំលោភបំពាន​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥​ ​ក្នុង​នោះ​ ​មានការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​មលើ​សកំ​ណ​ត់​ ​និង​បង្កើន​ស្តុក​លើស​ពី​ ​៣០០គីឡូក្រាម​។​ ​សកម្មភាព​នេះ​ ​ត្រូវ​បាន​អ៊ីស្រាអែល​ ​ដែល​ជា​សម្ព័ន្ធ​មិត្ត​អាមេរិក​ ​ចោទប្រកាន់​ថា​ ​អ៊ីរ៉ង់​ ​មានបំណង​ផលិត​អាវុធ​នុយក្លេអ៊ែរ​។​

​ចំណែក​ ​ចិន​ ​បាន​លើកឡើង​ថា​ ​សម្ពាធ​របស់​លោក​ត្រាំ​ ​ដែល​បាន​ដាក់លើ​អ៊ីរ៉ង់​ ​គឺជា​ឫសគល់​នៃ​វិបត្តិ​នៅក្នុង​តំបន់​។​ ​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ​ ​ដែល​ទីក្រុង​ប៉េកាំង​ ​បង្ហាញ​ការ​គាំទ្រ​ទីក្រុង​តេហេរ៉ង់​ ​ដោយសារ​តេហេរ៉ង់​ ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ ​ជា​អ្នកផ្គត់ផ្គង់​ប្រេង​ដ៏​ធំ​ ​និង​ជា​ដៃគូ​នៃ​គម្រោង​ផ្តួច​ផ្ដើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​ ​របស់​លោក​ប្រធានាធិបតី​ ​ស៊ី​ ​ជិន​ពីង​ ​ដែល​មានបំណង​ពង្រីក​ទំនាក់ទំនង​ ​និង​ជំរុញ​ពាណិជ្ជកម្ម​ជាមួយ​នៅ​អ៊ឺ​រ៉ា​ស៊ី​ ​និង​លើស​ពីនេះ​ទៅទៀត​។​

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ ​កាលពី​ថ្ងៃទី១២​ ​ខែកក្កដា​ ​ថា​ ​លោក​ ​មិនបាន​ដឹងពី​បំណង​របស់​អាមេរិក​ ​ក្នុង​ការ​បបួល​ចិន​ ​ចូលរួម​ក្នុង​ប្រតិបត្តិ​ការ​នៅ​ឈូងសមុទ្រ​ពែ​ក្ស​ ​និង​ឈូងសមុទ្រ​អូម៉ង់​ ​នោះ​ទេ​។​ ​ទោះជាយ៉ាងណា​ ​រដ្ឋាភិបាល​អាមេរិក​ ​កំពុង​ព្យាយាម​បង្កើត​កងកម្លាំង​ចម្រុះ​មួយ​ ​ដែល​អាច​ធានា​បាន​នូវ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ ​នៅក្នុង​តំបន់​ទឹកដែល​មាន​ជម្លោះ​។​

​កងកម្លាំង​ចម្រុះ​មួយ​ ​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារ៉ែន​ ​ស្រាប់​ទៅ​ហើយ​ ​គឺ​ ​កងកម្លាំង​ ​Combined​ ​Maritime​ ​Force​ ​ដែល​មាន​ ​៣៣ប្រ​ទេ​ស​ចូលរួម​ ​បាន​ប្ដេជ្ញា​ការពារ​សន្តិសុខ​នៅ​សមុទ្រ​អារ៉ាប់​ ​ដែល​ផ្ដោត​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ចោរសមុទ្រ​។​ ​ក្រុម​នេះ​ ​បាន​ធ្វើសកម្មភាព​ល្បាត​នៅ​ផ្លូវទឹក​សំ​ខាន់​ៗ​ ​ដែល​ជា​ផ្លូវ​នាវាដឹកទំនិញ​ឆ្លងកាត់​។​ ​ក្រុម​នេះ​ ​ត្រូវ​បាន​ជឿ​ថា​ ​នឹង​មិន​ចូលរួម​ជាមួយ​កងកម្លាំង​ចម្រុះ​ដែល​ដឹកនាំ​ដោយ​អាមេរិក​ ​ដើម្បី​ការពារ​នាវា​ ​នៅ​ជិត​ដែនទឹក​អ៊ីរ៉ង់​នោះ​ទេ​។​

​ឱកាស​ដែល​ចិន​ ​ចូលរួម​ជាមួយ​អាមេរិក​ ​គឺ​មាន​តិចតួច​បំផុត​ ​តែ​ទីក្រុង​ប៉េកាំង​ ​អាច​ផ្ដល់​ការ​គាំទ្រ​ទីក្រុង​វ៉ាស៊ីនតោន​ ​ដោយប្រយោល​ ​តាមរយៈ​កងកម្លាំង​ចម្រុះ​ជាតិសាសន៍​មួយ​ ​នៅក្នុង​តំបន់​ ​ដើម្បី​ទប់ទល់​នឹង​អ៊ីរ៉ង់​ ​ដែល​ចង់​ប្រឆាំង​នឹង​នាវាចម្បាំង​អាមេរិក​ ​និង​កងកម្លាំង​ចម្រុះ​នានា​។​

​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ ​រវាង​អាមេរិក​ ​និង​អ៊ីរ៉ង់​ ​មានតែ​បង្ក​ផល​អាក្រក់​បំផុត​សម្រាប់​ទីក្រុង​ប៉េកាំង​ ​ដូចជា​ ​ការខាតបង់​ផលប្រយោជន៍​ចិន​ ​នៅពេល​ដែល​អាមេរិក​ ​បង្វែរ​ធនធាន​របស់​ខ្លួន​ពី​សមុទ្រ​ចិន​ ​ទៅកាន់​មជ្ឈិមបូព៌ា​។​ ​ម្យ៉ាងទៀត​ ​ការនាំចូល​ប្រេង​របស់​ចិន​ ​ប្រហែល​ ​៤៤​ ​%​ ​ត្រូវ​បាន​ដឹក​តាម​កប៉ាល់​ឆ្លងកាត់​ឈូងសមុទ្រ​ពែ​ក្ស​ ​និង​អូម៉ង់​។​ ​ប្រសិនបើ​ ​សង្គ្រាម​ផ្ទុះឡើង​រវាង​អាមេរិក​ ​និង​ ​អ៊ីរ៉ង់​ ​នោះ​ទីក្រុង​តេហេរ៉ង់​ ​អាច​នឹង​ព្យាយាម​បិទ​ច្រកសមុទ្រ​ ​Hormuz​ ​ដែល​តភ្ជាប់​ឈូងសមុទ្រ​ពែ​ក្ស​ ​និង​អូម៉ង់​ ​ដើម្បី​ការពារ​ពី​ការវាយប្រហារ​របស់​សហរដ្ឋអាមេរិក​ ​ទៅលើ​មូលដ្ឋានទ័ព​របស់​ខ្លួន​ ​ហើយ​ការ​ផ្គត់ផ្គង់​ប្រេង​ ​នឹង​ត្រូវ​រំខាន​ ​ដែល​បង្ក​ការខូចខាត​ដល់​សេដ្ឋកិច្ច​ចិន​ ​ដែល​ពឹងផ្អែក​លើ​ថាមពល​។​ ​លើស​ពីនេះ​ ​វា​នឹង​បង្ក​ការ​គំរាមកំហែង​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​របស់​ចិន​ ​ក្រោម​គម្រោង​ផ្តួច​ផ្ដើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​។​ ​របាយការណ៍​បានឱ្យ​ដឹង​ថា​ ​ចិន​ ​បាន​វិនិយោគ​ ​នៅ​អ៊ីរ៉ង់​ ​អារ៉ាប៊ីសាអ៊ូឌីត​ ​អារ៉ាប់រួម​ ​កា​តា​ ​និង​ ​គុយវ៉ែត​ ​ប្រមាណ​ ​១៣,៦ពាន់​លាន​ដុល្លារ​អាមេរិក​ ​ចន្លោះ​ពីឆ្នាំ២០១៣​ ​ដល់​ ​២០១៩​៕​

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង