អ្នក​ប្រវត្តិ​សាស្រ្ត​ ​ថា​ ​ស្រា​ ​ជា​មធ្យោបាយ​ភ្ជាប់​មនុស្ស​ទៅ​នឹង​ទេព​ ​នៅក្នុង​សង្គម​ខ្មែរ​តាំងពី​បុរាណកាល​

​ភ្នំពេញ​ ​៖​ ​យោង​តាមរយៈ​បាឋកថា​របស់​លោក​សាស្ត្រា​ចារ្យ​ ​អាំង​ ​ជូ​លាន​ ​អំពី​ ​«​ស្រា​»​ ​នៅ​ថ្ងៃទី១៦​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​លើកឡើង​ថា​ ​នៅក្នុង​បរិបទ​ខ្លះ​ ​មាន​កិច្ច​ពិធី​ជាដើម​ ​ស្រា​ ​ជា​វត្ថុ​មានជីវិត​ ​ត្រូវ​នឹង​ភាសាអង់គ្លេស​ថា​ ​«​Spirits​»​ ​«​ព្រលឹង​,​ ​វិញ្ញាណ​»​ ​ចំណែក​ភាសា​បារាំង​ ​គឺ​ ​«​Spiritueur​»​ ​«​eau​ ​de​ ​vie​»​ ​មានន័យថា​ ​«​ទឹក​នៃ​ជីវិត​»​។​ ​ន័យ​ទាំងនេះ​ ​គឺ​បាន​បញ្ជាក់​ពី​តម្លៃ​សំខាន់​នៃ​ ​ស្រា​ ​ដូចជា​ការយល់ឃើញ​ ​និង​ការប្រតិបត្តិ​របស់​ខ្មែរ​ផង​ដែរ​ ​។​

​លោក​សាស្ត្រា​ចារ្យ​ ​អាំង​ ​ជូ​លាន​ ​ពន្យល់​ថា​ ​«​ស្រា​»​ ​ជា​ភេសជ្ជៈ​ដ៏​ពេញនិយម​បំផុត​ប្រើ​ក្នុង​កិច្ច​ពិ​ធី​ផ្សេង​ៗ​នៅក្នុង​សង្គម​ខ្មែរ​ ​។​ ​តម្រូវការ​ ​«​ស្រា​»​ ​ចំពោះ​មនុស្ស​មាន​តាំងពី​កើត​រហូតដល់​ស្លាប់​ ​តាំងពី​បុរាណកាល​ ​រហូតមកដល់​បច្ចុប្បន្ន​ ​។​

​លោក​សាស្ត្រា​ចារ្យ​បញ្ជាក់​ថា​ ​ចំពោះ​ភាសាខ្មែរ​ ​«​ស្រា​»​ ​បាន​បាត់​ពាក្យ​ដើម​ដោយសារ​ខ្ចី​ពាក្យ​សំស្ក្រឹត​ ​«​សុរា​»​ ​មក​ប្រើ​ ​។​ ​ភាព​សំខាន់​នៃ​ ​«​ស្រា​»​ ​ត្រូវ​បាត់​ចាត់ទុកជា​ភេសជ្ជៈ​ដ៏​ពិសិដ្ឋ​ ​ដែល​មិនមែន​គ្រាន់តែ​ផឹក​កម្សាន្ត​ ​ផឹក​ឱ្យ​ឆ្ងាញ់​នោះ​ទេ​ ​តែ​ជា​មធ្យោបាយ​ភ្ជាប់​មនុស្ស​ទៅ​ទេព​ ​(​Communion​)​ ​និង​ជំរុញ​ឱ្យ​មាន​វត្តមាន​ទេព​ ​នៅក្នុង​កិច្ច​ពិធី​ ​(​ទេព​ ​គឺ​សំដៅ​ដល់​អ្វី​ៗ​ដែល​មិនមែន​ជា​មនុស្ស​)​ ​។​

​លោក​សាស្ត្រា​ចារ្យ​ ​ជូ​លាន​ ​បាន​បង្ហាញ​អំពី​ភស្តុតាង​មួយចំនួន​ដែល​បញ្ជាក់​ថា​ ​«​ស្រា​»​ ​ជា​មធ្យោបាយ​ភ្ជាប់​ខ្លួន​ទៅ​ទេព​នេះ​ ​គឺ​មាន​ទាំង​បរទេស​ ​និង​ខ្មែរ​ ​ពិសេស​គឺ​ ​ជនជាតិភាគតិច​នៅ​កំពង់ស្ពឺ​ ​រតនគិរី​ ​មណ្ឌលគិរី​ ​អំពី​ការប្រើ​ប្រាស់​ស្រា​ក្នុង​ការរស់នៅ​ដោយ​យក​ ​«​ស្រា​»​ ​ធ្វើជា​គ្រឿង​សំណែន​ដ៏​សំខាន់​ក្នុង​កិច្ច​ពិធី​ដូចជា​នៅ​ប្រទេស​ជប៉ុន​ ​សាសនា​ស៊ិន​តូ​ ​ដែល​ជា​សាសនា​ដើម​ដ៏​ចំណាស់​ ​ហើយ​ត្រូវ​បាន​គោរព​ដោយ​អធិរាជ​ជប៉ុន​ផង​នោះ​ ​គេ​តែង​យក​ស្រា​ទៅ​តម្កល់ទុក​នៅក្នុង​ទី​សក្ការៈ​ ​និង​ប្រគេន​បុព្វជិត​ ​។​

​ចំណែក​នៅ​កោះ​ ​Taketomi​ ​ប្រជាជន​ជប៉ុន​ ​បាន​ធ្វើពិធី​សែនព្រេន​ដោយ​ការ​យក​ស្រា​ទៅ​ស្រោច​លើ​អ្នកតា​ ​ដើម្បី​និយាយ​ជាមួយ​ទេព​ ​បន្ទាប់មក​ ​ក៏​នាំគ្នា​ផឹកស្រា​ដោយ​កាយវិការ​គោរព​ ​ជា​ការ​បូជា​ដល់​ទេព​ ​ឱ្យ​ទេព​បាន​ទទួល​សេពសោយ​ ​និង​ភ្ជាប់​ខ្លួន​ទៅ​នឹង​ទេព​ ​ដោយ​ការ​បញ្ចូល​ទេព​ទៅ​ក្នុង​ខ្លួន​ ​ដើម្បី​ឱ្យ​មាន​ភាព​ចុះសម្រុង​គ្នា​ ​ចូលគ្នា​ ​(​Communion​)​ ​។​ ​ជំនឿ​នេះ​មានការ​គោរព​តាំងពី​ប្រជាជន​សាមញ្ញ​ ​រហូតដល់​ស្តេច​។​ ​លើស​ពីនោះ​ទៀត​ ​សម្រាប់​ប្រទេស​ជប៉ុន​ ​នៅពេល​ស្តេច​ឡើង​គ្រោង​រាជ្យ​ថ្មី​ ​ឬ​ការ​ទទួល​ឥស្សរជន​ជាន់ខ្ពស់​គឺ​ ​តែងតែ​យក​ស្រា​ ​Sake​ ​មក​អបអរសាទរ​និង​ទទួលភ្ញៀវ​ជានិច្ច​។​

​ចំពោះ​គ្រឹ​ស្ត​សាសនា​ ​ស្រា​ទំពាំងបាយជូរ​ ​ត្រូវ​បាន​ចាត់ទុកជា​ស្រា​ដ៏​ពិសិដ្ឋ​ ​ដែល​ប្រដូច​ទៅ​នឹង​ឈាម​របស់​ព្រះ​គ្រឹ​ស្តិ​ដែល​ទ្រង់​បាន​បូជា​ ​។​ ​ដូច្នេះ​ ​បរិស័ទ​ទាំងនោះ​ ​តែង​ទទួលទាន​ស្រា​ទំពាំងបាយជូរ​នៅ​ឱកាស​ពិ​សេស​ៗ​ ​គឺ​ដូច​បាន​ភ្ជាប់​ខ្លួន​ទៅ​នឹង​ព្រះ​ ​និង​បញ្ចូល​ព្រះ​ក្នុង​ខ្លួន​ដូច្នោះ​ដែរ​ ​។​

​សម្រាប់​ជាតិ​ពន្ធ​ផ្សេង​ៗ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​ ​ស្រា​ដែល​បរិសុទ្ធ​ ​គឺ​ស្រា​ស​ ​ដែល​ប្រជាជន​បិត​តាម​ទម្លាប់​ ​សម្រិតសម្រាំង​នូវ​គ្រឿងផ្សំ​ ​មិន​មាន​ថែម​ទឹក​ ​ឬ​ប្រើ​សារធាតុគីមី​លាយឡំ​។​ ​គេ​បាន​យក​ស្រា​នេះ​ ​ទៅ​ប្រើ​ក្នុង​កិច្ច​សំ​ខាន់​ៗ​ជាច្រើន​ ​ពេល​ប្រារព្ធ​ពិធី​អ្វីមួយ​ ​ឬ​មាន​បញ្ហា​អ្វីមួយ​កើតឡើង​ចំពោះ​គ្រួសារ​ ​និង​សង្គម​ដែល​រស់នៅ​រស់​ដូចជា​ជនជាតិភាគតិច​ព្នង​ ​គ្រឹង​ ​ទំពួន​ ​ក្រ​វិត​ ​នៅ​ខេត្ត​រតនៈ​គិរី​ ​មណ្ឌលគិរី​ជាដើម​ ​។​ ​ស្រា​និង​ឃ្មោះ​ ​គឺជា​របស់​សំខាន់​បំផុត​ដែល​មាន​រក្សាទុក​គ្រប់​ផ្ទះ​ ​ឬក៏​មាន​រោង​មួយ​សម្រាប់​តម្កល់​ស្រា​ ​និង​ ​ឃ្មោះ​ ​រួម​ផង​ដែរ​ ​។​ ​ពួកគេ​បាន​ទុក​ស្រា​ ​ជា​វត្ថុ​មានជីវិត​ ​ដូចជា​នៅពេល​មាន​ស្រា​ថ្មី​ ​មុន​ពេល​បើក​ផឹក​ ​គេ​តែង​និយាយ​ជាមួយ​ស្រា​សិន​ ​ហើយ​អ្នក​ដែល​ចូលរួម​ ​ក៏​ត្រូវ​ផឹក​ដែរ​។​

​ជំនឿ​មួយ​បែប​ទៀត​ ​នៅពេល​គេ​ផ្លាស់​ប្តូរ​ទីលំនៅ​ ​គេ​ក៏​តែង​យក​យក​ស្រាម​ក​ផឹក​ជាមួយគ្នា​ ​។​ ​នៅពេល​ឆ្លងទន្លេ​ ​បុរស​ជា​ប្តី​ ​និង​អ្នកជិតខាង​ក៏​ត្រូវ​ផឹកស្រា​ ​ដើម្បី​ឱ្យ​ការ​ឆ្លងទន្លេ​បាន​រលូន​ ​។​ ​ពេល​កប់​សព​ ​គេ​តែង​ដាក់​ស្រា​ជាមួយនឹង​ពាង​សព​ដែលគេ​វាយ​បំបែក​គូទ​ ​ដើម្បី​កុំឱ្យ​ខ្មោច​ត្រឡប់ទៅ​ផ្ទះ​។​ ​បន្ថែម​ពីនោះ​ ​ការ​ព្យាបាល​ជំងឺ​ ​ស្រា​ក៏​ត្រូវ​បាន​ជនជាតិភាគតិច​យក​មក​សែនព្រេន​ដល់​ទេព​ ​និង​ចូលរួម​ផឹក​ជាមួយ​អ្នកភូមិ​ ​ដើម្បី​ឱ្យ​អ្នកជំងឺ​ឆាប់​បាន​ជាសះស្បើយ​ ​បើ​អ្នកនោះ​មាន​ជីវភាព​ធូរធារ​ ​គេ​ក៏​កាប់​ក្របី​បូជា​ដល់​ទេព​ផង​ដែរ​។​

​ចំពោះ​ស្ថានភាព​ពិសេស​ខ្លះ​ ​សម្រាប់​អ្នកធ្វើ​ចម្ការ​ ​គេ​តែង​ស្ពាយ​កា​ផា​ ​ដាក់​ពាង​ស្រា​ពីក្រោយ​ដើម្បី​ទុក​ផឹក​ ​សុំ​ឱ្យ​ឧបករណ៍​កាប់ឆ្ការ​នោះ​មុត​ ​ប្រើការ​ល្អ​ ​។​ ​រី​ឯ​អ្នកមាន​កូនតូច​ ​ហើយ​ចាប់ផ្តើម​មានផ្ទៃពោះ​ទៀត​ ​គេ​ក៏​ជុំគ្នា​ផឹកស្រា​ ​ដើម្បី​សុំ​ឱ្យ​កូនបង​ ​កុំ​ច្រណែន​នឹង​កូន​ប្អូន​ពេល​កើតមក​។​

​សម្រាប់​ជនជាតិភាគតិច​ព័រ​/​សួយ​នៅ​ខេត្ត​កំពង់ស្ពឺ​ក៏​ដូច្នោះ​ ​ស្រា​គឺជា​វត្ថុ​ដ៏​សំខាន់​ដែលគេ​គោរព​បំផុត​ ​ហើយក៏​ត្រូវ​បាន​យក​មក​ប្រើ​ក្នុង​ពិធី​មួយចំនួន​ដូច​ជនជាតិភាគតិច​នៅ​មណ្ឌលគិរី​ ​និង​រតនគិរី​ផង​ដែរ​។​ ​តែ​មាន​ករណី​ខ្លះ​ ​គឺ​ប្លែក​ត្រង់​ពេល​ចូលឆ្នាំ​ ​គេ​ឱប​ពាង​ស្រា​ ​ហើយ​មាន​អ្នកប្រដេញ​ដណ្តើម​ ​ដូច​កីឡាបាល់ឱប​ ​ហើយ​យក​មក​ធ្វើពិធី​យ៉ាង​សប្បាយរីករាយ​។​

​ចំពោះ​ប្រជាជន​ខ្មែរ​នៅ​សម្បូរ​ព្រៃ​គុក​ ​នៅពេល​បិទ​វដ្ត​ស្រូវ​ម្តង​ៗ​ ​ប្រជាជន​បាន​នាំគ្នា​ដើរ​ប្រមូល​ស្រា​តាម​ផ្ទះ​ ​ហើយ​ធ្វើពិធី​ហែហម​យ៉ាង​សប្បាយរីករាយ​ ​ឯ​អ្នកខ្លះ​ក៏​មាន​កាន់​ស្រា១ដប​តូច​ ​ជាមួយ​ធូប​ទៀន​ ​និង​នំជាល​ ​ដើម្បី​យក​ទៅ​ថ្វាយ​អ្នកតា​។​ ​ក្នុង​ពេល​សែនព្រេន​ ​គេ​តែង​ច្រូច​ស្រា​លើ​អ្នកតា​ ​និយាយ​នឹង​ស្រា​ ​ហើយ​ផឹកស្រា​រួមគ្នា​ ​ដើម្បី​ជា​ការ​ភ្ជាប់​ខ្លួន​នឹង​ទេព​ ​និង​បំពេញ​សំណូមពរ​អ្នកសុំ​។​

​ក្រៅពីនោះ​ ​ស្រា​ក៏​ត្រូវ​បាន​ប្រើ​ក្នុង​ពិ​ធី​ឆ្លឹង​វ័យ​ដូចជា​ ​ប្រើ​សម្រាប់​សែនព្រេន​នៅពេល​កើត​ ​ការ​ផឹក​ជួបជុំ​អបអរ​កំណើត​ថ្មី​ជាមួយ​អ្នកភូមិ​ ​ការ​សែន​បញ្ជូន​ដល់​ខ្មោច​ដូនតា​ឱ្យ​បានដឹង​ឮ​ ​ជួយ​ថែ​ក​រក្សា​ការពារ​កូនចៅ​។​ ​បើ​ចំពោះ​ក្មេងស្រី​ពេល​ពេញវ័យ​ ​ចូលម្លប់​ក៏​យក​ស្រាម​ក​សែន​ឱ្យ​ទេព​ដឹងឮ​ ​និង​សែន​ដល់​កញ្ជើ​ស្រូវ​ ​ដើម្បី​ឱ្យ​ដឹង​ថា​ ​នាង​ម្នាក់​នេះ​នឹង​ចូល​នូវ​ម្លប់​ហើយ​ ​សូម​ឱ្យ​មាន​សិរី​សួស្តី​គ្រប់ប្រការ​ ​ហើយ​ម្ចាស់ខ្លួន​ក៏​ត្រូវ​ផឹកស្រា​នោះ​ដែរ​ ​(​ឱ្យ​ខ្មោច​ម្លប់​ដឹង​)​ជាមួយ​អ្នកចូលរួម​។​

​បន្ថែម​ពីនោះ​ ​គេ​ក៏​ឃើញ​វត្តមាន​ស្រា​ប្រើ​សម្រាប់​ព្យាបាល​រោគ​ ​តាមរយៈ​ការ​សែនព្រេន​ពេល​លៀង​មេមត់​ដោយ​ដាក់​ស្រា​នៅ​លើ​ព្រះ​ភូមិ​ ​ដើម្បី​ឱ្យ​មានជីវិត​ ​និង​សែន​ចំពោះ​ព្រះពិស្ណុការ​ ​រួម​នឹង​អ្នកភ្លេង​ ​ដើម្បី​ឱ្យ​ទេព​ជួយ​ដក​ពិស​ឱ្យ​ពរ​ដល់​ម្ចាស់​រូប​ដែល​ឈឺ​បាន​ជាសះស្បើយ​ ​ហើយ​ឱ្យ​ក្រុមភ្លេង​លេងភ្លេង​ត្រូវបែប​បទ​ ​មិន​បង្ក​រកា​រ​រអាក់រអួល​ដល់​កម្មវិធី​។​ ​លើស​ពីនោះ​ទៀត​ ​សង្គម​ខ្មែរ​ក៏​ត្រូវការ​ស្រា​ប្រើ​ក្នុង​កិច្ច​ពិធី​មង្គលការ​ ​ចម្រើន​អាយុ​ ​រហូតដល់​បុណ្យសព​ផង​។​ ​ទាំងនេះ​ ​សរ​បញ្ជាក់​ឱ្យ​ឃើញថា​ ​«​ស្រា​»​ ​គឺជា​ផ្នែក​សំខាន់ណាស់​ក្នុង​កិច្ច​ពិធី​នៃ​ការរស់នៅ​របស់​មនុស្ស​ទាំង​កើត​ ​ទាំង​ស្លាប់​ ​ទាំង​ក្នុង​សាសនា​ ​និង​ជំនឿ​ជីវចល​ទៅលើ​ទេព​ ​ដែល​ពិបាក​នឹង​បដិសេធ​ឬ​លុបបំបាត់​ចោល​ ​ព្រោះ​គេ​ជឿ​ថា​ជា​តម្រូវការ​របស់​ទេព​ ​បើ​ទោះបីជា​ស្រា​នឹង​បំផ្លាញ​ដល់​សុខភាព​ ​ទ្រព្យសម្បត្តិ​ ​សុភមង្គល​គ្រួសារ​ ​និង​បង្ក​រ​អសន្តិសុខ​សង្គមមនុស្ស​ក្តី​។​

​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ពី​មនុស្ស​ទៅ​ទេព​នេះ​ដែរ​ ​លោក​សាស្ត្រា​ចារ្យ​ ​អាំង​ ​ជូ​លាន​ ​បាន​បន្ថែម​ថា​ ​ក្រៅពី​ស្រា​ ​ខ្មែរ​ក៏​មានការ​ប្រើជា​សំឡេង​ ​(​ឧបករណ៍​ភ្លេង​)​ ​ពន្លឺ​ ​(​ទៀន​)​ ​ផ្សែង​ ​(​ធូប​)​ ​ដើម្បី​ជា​ស្ពាន​ភ្ជាប់​ទៅ​ទេព​។​ ​ធូប​ប្រដូច​ទៅ​នឹង​ច្រមុះ​ ​ពន្លឺ​ជា​ភ្នែក​ ​រី​ឯ​សំឡេង​ប្រៀប​នឹង​ត្រចៀក​ ​ដែល​ជា​មធ្យោបាយ​ ​ដើម្បី​ទាក់ទាញ​ទេព​ឱ្យមក​ជិត​ ​មក​ក្បែរ​ ​មក​បំពេញ​សំណូមពរ​ដែល​យើង​សុំ​។​

​យើង​អាច​ទាក់ទង​នឹង​ទេព​បាន​ ​គឺ​នៅពេល​និង​ទីកន្លែង​មួយ​ដែល​យើង​រៀបចំ​ធ្វើ​កិច្ច​ក្នុង​មួយ​រយៈ​កំណត់​ដោយ​រៀប​ជា​ស្ពាន​ភ្ជាប់​ពី​មនុស្ស​ទៅ​ទេព​។​ ​ស្ពាន​នោះ​ ​ពេល​ចម្លង​គឺ​ ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​មនុស្ស​មិនមែន​ជា​មនុស្ស​។​ ​ពេលនោះ​អ្នក​ ​និង​ទេព​ ​បាន​រលាយ​ចូលគ្នា​ ​នៅជា​មួយ​នឹងគ្នា​។​ ​ទេព​ដឹងឮ​ ​និង​មើលឃើញ​នូវ​អ្វី​ដែល​អ្នក​រៀបចំ​ ​ក្នុង​បំណង​មក​ជួប​ទេព​។​ ​ទេព​នឹង​បំពេញ​តាម​សំណើសុំ​ ​ដោយ​ជួយ​ជ្រោមជ្រែង​ដោះស្រាយ​តាម​សំណូមពរ​ ​៕​

អត្ថបទ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង