បទ​វិភាគ​៖​ ​ចិន​ ​នឹង​កំណត់​ជោគវាសនា​របស់​វេណេហ្ស៊ុយអេឡា​

កាលពី​ថ្ងៃទី២៣​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​នៅពេល​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ ​Juan​ ​Guaido​ ​ដែល​មានការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក​ ​ប្រកាស​ថា​ ​ខ្លួន​ជា​ប្រធានាធិបតី​របស់​ប្រទេស​វេណេហ្ស៊ុយអេឡា​ ​គឺ​លោក​គិតថា​ ​ការ​បណ្ដេញ​លោក​ប្រធានាធិបតី​ ​Nicolas​ ​Maduro​ ​ចេញពី​អំណាច​ ​គឺជា​រឿង​ងាយស្រួល​។​ ​រយៈពេល​ ​៦ខែ​កន្លង​ផុត​ទៅ​ ​លោក​ ​Guaido​ ​មិន​អាច​ធ្វើអ្វី​ទៅលើ​លោក​ ​Maduro​ ​បាន​ឡើយ​ ​ហើយ​មូលហេតុ​នៃ​បរាជ័យ​របស់​មេ​បក្ស​ប្រឆាំង​ក្នុង​ការ​បណ្ដេញ​លោក​ ​Maduro​ ​ពី​អំណាច​ ​គឺ​ដោយសារតែ​មានការ​គាំទ្រ​ពីក្រោយ​របស់​មហាអំណាច​មួយចំនួន​ ​ជាពិសេស​ប្រទេស​ចិន​។​

​ចិន​ ​បាន​បដិសេធ​ក្នុង​ការ​ទទួលស្គាល់​លោក​ ​Guaido​ ​ជា​ប្រធានាធិបតី​របស់​វេណេហ្ស៊ុយអេឡា​ ​ដោយ​លើក​ហេតុផល​ថា​ ​ការ​ធ្វើ​ដូច្នេះ​ ​ជា​ការ​ជ្រៀត​ជ្រែង​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​មួយ​។​ ​អ្នកគាំទ្រ​លោក​ ​Guaido​ ​បាន​ចាត់ទុក​ជំហរ​របស់​ចិន​នៅ​លើ​បញ្ហា​របស់​លោក​ ​Maduro​ ​និង​រដ្ឋាភិបាល​របស់​លោក​ ​ថា​ ​បាន​ជំរុញ​ឱ្យ​វិបត្តិ​បន្ត​កើតមាន​នៅ​វេណេហ្ស៊ុយអេឡា​។​ ​ហើយ​ថ្មី​ៗ​នេះ​ ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ​បាន​ផ្ដល់​ការ​គាំទ្រ​ផ្នែក​បច្ចេកវិទ្យា​ឈ្លបការណ៍​ ​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ប្រជាពលរដ្ឋ​វេណេហ្ស៊ុយអេឡា​ថែមទៀត​ផង​។​

​ទោះជា​យ៉ាងនេះ​ក្ដី​ ​ក៏​លោក​ ​Guaido​ ​ធ្លាប់​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ​ទីក្រុង​ប៉េកាំង​ ​បញ្ឈប់​ការ​គាំទ្រ​រដ្ឋាភិបាល​លោក​ ​Maduro​ ​ដោយ​លោក​ ​នឹង​ខិតខំ​រក្សា​ផលប្រយោជន៍​ ​និង​ការ​វិនិយោគ​របស់​ចិន​ ​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​លោក​ ​Maduro​ ​ទៅទៀត​ ​ហើយ​បាន​សន្យា​ផ្ដល់​ការ​លើកទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ ​ក្នុង​ការ​វិនិយោគ​នៅ​ប្រទេស​នេះ​។​

​ហេតុអ្វី​វេណេហ្ស៊ុយអេឡា​ ​សំខាន់​សម្រាប់​ចិន​?​ ​ទីក្រុង​ប៉េកាំង​ ​និង​ទីក្រុង​ ​Caracas​ ​ជា​ដៃគូ​សេដ្ឋកិច្ច​ ​និង​នយោបាយ​ដ៏​ស្អិត​រមួត​មួយ​។​ ​ចិន​ ​យល់ឃើញ​ពីអ​ត្ថ​ប្រយោជន៍​របស់​ប្រទេស​អាមេរិកឡាទីន​មួយ​នេះ​ ​ដែល​ជា​ប្រទេស​សំបូរ​ប្រេង​ ​និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ ​និង​សម្ព័ន្ធ​មិត្ត​មួយ​ ​ដែល​មាន​ភូមិសាស្ត្រ​នៅ​ជិត​គូប្រកួត​ប្រជែង​ដ៏​ធំ​របស់​ខ្លួន​ ​គឺ​សហរដ្ឋអាមេរិក​។​ ​ទំនាក់ទំនង​រវាង​ចិន​ ​និង​វេណេហ្ស៊ុយអេឡា​ ​ចាប់ផ្ដើម​រឹងមាំ​នៅពេល​លោក​ ​Hugo​ ​Chavez​ ​ឡើង​កាន់អំណាច​ ​ក្នុង​ឆ្នាំ១៩៩៩​។​ ​ក្រោយ​ការ​ស្លាប់​របស់​លោក​នៅ​ឆ្នាំ២០១៣​ ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ​នៅពេល​លោក​ ​Maduro​ ​ក្លាយជា​ប្រធានាធិបតី​។​ ​គិត​ពីឆ្នាំ២០០០​ ​ដល់​ ​២០១៨​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ ​កើន​ដល់​ ​២០ដង​។​ ​ចិន​ ​បាន​វិនិយោគ​នៅ​វេណេហ្ស៊ុយអេឡា​ ​ជាង​ ​៦ពាន់​លាន​ដុល្លារ​អាមេរិក​ ​ខណៈ​កម្ចី​នានា​ ​មាន​ទំហំ​ទឹកប្រាក់​ជាង​ ​៦០ពាន់​លាន​ដុល្លារ​អាមេរិក​។​

​កម្ចី​របស់​ចិន​ ​ភាគច្រើន​ ​ទាក់ទង​នឹង​វិស័យ​ប្រេងកាត​។​ ​ក្នុង​ឆ្នាំ២០០៧​ ​ទីក្រុង​ប៉េកាំង​ ​បាន​បង្កើត​មូលនិធិ​រួម​ចិន​-​វេណេហ្ស៊ុយអេឡា​ ​(​FCCV​)​ ​ដែល​អនុញ្ញាត​ឱ្យ​វេណេហ្ស៊ុយអេឡា​ ​ទទួល​បាន​កម្ចី​ពី​ចិន​ ​រហូតដល់​ ​៥ពាន់​លាន​ដុល្លារ​អាមេរិក​ ​ជា​ថ្នូរ​នឹង​ការ​ផ្គត់ផ្គង់​ប្រេងឆៅ​ឱ្យ​ចិន​។​ ​មូលនិធិ​ដដែល​ ​ក៏បាន​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ចិន​ ​មាន​ចំណែក​ក្នុង​ផលិតកម្ម​ប្រេង​ ​នៅ​អណ្ដូងរ៉ែ​ ​Orinoco​ ​Oil​ ​Belt​ ​ដែល​ជាង​អណ្ដូងរ៉ែ​ធំ​បំផុត​នៅ​លើ​ពិភពលោក​។​

​វិបត្តិ​នៅ​វេណេហ្ស៊ុយអេឡា​ ​ធ្វើ​ឱ្យ​ការ​ចម្រាញ់​ប្រេង​ ​បាន​ថយ​ចុះ​ ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​ថាមពល​របស់​ចិន​។​ ​អ្នក​វិនិយោគ​ផ្ទាល់​ពី​ចិន​ ​នៅ​វេណេហ្ស៊ុយអេឡា​ ​បាន​ផ្អាក​គម្រោង​ ​ឬ​បោះបង់ចោល​តែម្ដង​ ​ដោយសារ​ស្ថានភាព​មិន​អំណោយផល​ ​ក្នុង​ការ​រកស៊ី​ ​នៅក្នុង​ប្រទេស​នេះ​។​ ​ដោយសារ​ហេតុផល​នេះ​ ​ចិន​ ​បាន​បង្វែរ​គោលដៅ​ ​ទៅ​ផ្ដល់​កម្ចី​ផ្នែក​ហេ​ដ្ឋាន​រចនាសម្ព័ន្ធ​វិញ​។​ ​វា​ផ្ដោត​ទៅលើ​ក្រុមហ៊ុន​ ​ដែល​បាន​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ថាមពល​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ ​ដូចជា​ ​Petroleos​ ​de​ ​Venezuela​ ​SA​ ​ជាដើម​។​ ​ទោះជា​យ៉ាងនេះ​ក្ដី​ ​ទីក្រុង​ប៉េកាំង​ ​នៅតែ​បន្ត​គាំទ្រ​លោក​ ​Maduro​ ​ជា​ប្រធានាធិបតី​ ​ដោយ​មូលហេតុ​ ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ ​ក៏ប៉ុន្តែ​ ​នេះ​ត្រូវ​បាន​យល់ថា​ ​អាច​ជា​ការ​ការពារ​ផលប្រយោជន៍​របស់​ចិន​ ​តែប៉ុណ្ណោះ​។​ ​ទីក្រុង​ប៉េកាំង​ ​ជឿ​ថា​ ​មាន​សម្ព័ន្ធ​មិត្ត​ដែល​គាំទ្រ​សង្គមនិយម​ ​នៅ​ជិត​អាមេរិក​ដូច្នេះ​ ​គឺជា​រឿង​សំខាន់​ជាង​អ្វី​ៗ​ទាំងអស់​។​ ​ម្យ៉ាងទៀត​ ​ចិន​ចង់​រក្សា​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ ​ក្នុងនាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ ​និង​ជា​អ្នក​វិនិយោគ​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ ​នៅ​ប៉ូល​ខាងត្បូង​នៃ​ពិភពលោក​។​

​ទោះបីជា​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​ ​Guaido​ ​ព្យាយាម​បញ្ចុះបញ្ចូល​ជាច្រើន​ឆ្នាំ​ក្ដី​ ​ក៏​ចិន​មិន​អាច​ទុកចិត្ត​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​របស់​លោក​ ​Guaido​ ​ដែល​មិន​ច្បាស់លាស់​ដែរ​។​ ​គេ​មិនដឹង​ថា​ ​ក្រោយ​ឡើង​កាន់អំណាច​ ​រដ្ឋាភិបាល​ថ្មី​របស់​លោក​ ​Guaido​ ​នឹង​ព្រម​សងបំណុល​ដែល​បាន​ជំពាក់​ចិន​ ​នោះ​ទេ​។​ ​មួយវិញទៀត​ ​បក្ស​ប្រឆាំង​នៅ​វេណេហ្ស៊ុយអេឡា​ ​មាន​ទំនាក់ទំនង​ជិត​ស្និត​ជាមួយ​រដ្ឋាភិបាល​លោក​ ​ដូ​ណាល់​ ​ត្រាំ​។​ ​គេ​នៅតែ​យល់ថា​ ​ប្រសិនបើ​លោក​ ​Guaido​ ​រក​វិធីសាស្ត្រ​អាច​បញ្ចុះបញ្ចូល​ចិន​ ​ឱ្យ​ទុកចិត្ត​លើ​ខ្លួន​ ​នោះ​លោក​អាច​នឹង​មាន​សង្ឃឹម​ដើម្បី​ក្ដោបក្ដាប់​អំណាច​នៅ​វេណេហ្ស៊ុយអេឡា​បាន​៕​

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង