បទ​វិភាគ​៖​ ​កូរ៉េ​ខាងត្បូង​ ​ជា​ជនរងគ្រោះ​ដោយសារ​នយោបាយ​រដ្ឋាភិបាល​លោក​ ​អាបេ​

​បរទេស​៖​ ​ជប៉ុន​ ​បាន​ប្រកាស​ដាក់កំហិត​លើ​ការនាំចេញ​វត្ថុធាតុដើម​ផលិត​បន្ទះ​ឈីប​ ​និង​គ្រឿង​អេឡិចត្រូនិក​ ​សម្រាប់​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ ​ដែល​នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​។​ ​ទន្ទឹម​នេះ​ ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​ ​អាបេ​ ​ស៊ីន​ហ្សូ​ ​បាន​សម្លឹងឃើញ​ផលប្រយោជន៍​ដែល​កើត​ចេញពី​ការ​ដាក់កំហិត​របស់​ខ្លួន​ ​ចំពោះ​ទី​ក្រុង​ស៊េ​អូល​។​

​រដ្ឋាភិបាល​លោក​ ​អាបេ​ ​បាន​លើក​ហេតុផល​មួយចំនួន​ ​ក្នុង​ការសម្រេច​ចិត្ត​របស់​ខ្លួន​ ​ពោល​គឺ​ ​ទីក្រុង​សេអ៊ូល​ ​បាន​ចោទប្រកាន់​ជប៉ុន​ ​ពី​ដែល​បាន​បង្ខិតបង្ខំ​ជនជាតិ​កូរ៉េ​ ​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​ ​និង​ ​ស្ត្រី​កូរ៉េ​ ​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​បម្រើ​ចំណង់​ផ្លូវភេទ​របស់​កងទ័ព​ជប៉ុន​ ​កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី២​។​ ​មូលហេតុ​នេះ​ ​វា​គ្រប់គ្រាន់​សម្រាប់​ការសម្រេច​ចិត្ត​របស់​ជប៉ុន​ ​យ៉ាងណាមិញ​ ​សារព័ត៌មាន​នៅ​ប្រទេស​ជប៉ុន​ ​បាន​ចុះផ្សាយ​ថា​ ​សកម្មភាព​របស់​ទីក្រុង​តូក្យូ​ ​គឺជា​ការ​ព្យាយាម​បញ្ឆេះ​ឱ្យ​មាន​ជាថ្មី​នូវ​ការ​ប្រឆាំង​កូរ៉េ​ ​របស់​រដ្ឋាភិបាល​លោក​ ​អាបេ​ ​មុន​ការបោះឆ្នោត​សភា​ជាន់ខ្ពស់​ ​នា​ថ្ងៃទី២១​ ​ខែកក្កដា​ខាងមុខនេះ​។​

​តាម​ការស្ទង់មតិ​ពី​សារព័ត៌មាន​ក្នុង​ស្រុក​ ​បានឱ្យ​ដឹង​ថា​ ​គណបក្ស​របស់​លោក​ ​អាបេ​ ​ត្រូវ​គេ​រំពឹង​ថា​ ​នឹង​ឈ្នះ​ច្រើនជាង​ ​៦៣អាសនៈ​ ​ក្នុងចំណោម​ ​១២៤អាសនៈ​ ​នៃ​សភា​ជាន់ខ្ពស់​ជប៉ុន​ ​ដើម្បី​រក្សា​តំណែង​របស់​លោក​។​

​សកម្មភាព​របស់​ជប៉ុន​លើ​កូរ៉េ​នេះ​ ​អាច​ជួយ​ដល់​គណបក្ស​របស់​លោក​អាបេ​ ​តែ​ក៏បាន​រង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ​ ​ជាពិសេស​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ជប៉ុន​ទើបតែ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​ ​G​-​20​ ​ដែល​ពាណិជ្ជកម្ម​សេរី​ ​គឺជា​ស្នូល​នៃ​បញ្ហា​ដែល​មេដឹកនាំ​ទាំងអស់​ ​បាន​លើកយក​មក​ពិភាក្សា​។​ ​ក្នុង​សេចក្ដីថ្លែង​ការណ៍​រួម​មួយ​ ​បានឱ្យ​ដឹង​ថា​ ​ភាគី​ទាំងអស់​ ​នឹង​ជំរុញ​ពាណិជ្ជកម្ម​សេរី​ ​និង​បរិយាកាស​វិនិយោគ​ដែល​ ​ស្មើភាព​ ​មិន​រើសអើង​ ​តម្លាភាព​ ​និង​ស្ថិរភាព​។​ ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ជប៉ុន​ ​លើ​កូរ៉េ​ ​ហាក់​បង្ហាញ​ពី​ភាព​លម្អៀង​ ​និង​រើសអើង​ ​ដែល​ផ្ទុយពី​សេចក្ដីថ្លែង​ការណ៍​នោះ​។​

​ឆ្លើយតប​នឹង​ចំណាត់ការ​របស់​ជប៉ុន​ ​ទីក្រុង​សេអ៊ូល​ ​បាន​ប្រកាស​ធ្វើពាក្យ​បណ្ដឹង​ទៅកាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​WTO​ ​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពីសំណាក់​អន្តរជាតិ​ ​ទាក់ទិន​នឹង​ការរំលោភ​លើ​គោលការណ៍​ពាណិជ្ជកម្ម​ដែល​ស្មើភាព​។​ ​យ៉ាងណាមិញ​ ​លោក​ ​អាបេ​ ​បាន​ប្រកាស​ថ្មី​ៗ​នេះ​ថា​ ​សកម្មភាព​របស់​ជប៉ុន​ ​មិនបាន​រំលោភបំពាន​លើច្បាប់​ ​WTO​ ​នោះ​ទេ​។​

​សូមជម្រាប​ថា​ ​ទណ្ឌកម្ម​របស់​ជប៉ុន​ ​នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​កូរ៉េ​ ​ដូចជា​ ​Samsung​ ​និង​ ​SK​ ​Hynix​ ​ដែល​ផ្គត់​ផ្គត់​បន្ទះ​ឈី​បទៅ​ឱ្យ​ក្រុម​ហ៊ុន​ផ្សេង​ៗ​ ​មាន​ ​Apple​ ​ជាដើម​។​ ​កូរ៉េ​ខាងត្បូង​ ​ក៏បាន​ប្រកាស​ថា​ ​ខ្លួន​បាន​ត្រៀម​ថវិកា​ជាង​ ​២៥០លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​ទប់ទល់​នឹង​ទណ្ឌកម្ម​របស់​ជប៉ុន​ ​ដោយ​បង្កើន​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​ផលិត​បន្ទះ​ឈីប​ ​ឱ្យ​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ ​ដោយ​មិន​ពឹងផ្អែក​លើ​ជប៉ុន​ទៀត​ឡើយ​៕​

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង