អាជ្ញាធរ​ខេត្តកណ្ដាល យក​វិទ្យាល័យ​ឈូងលាភ ធ្វើជា​កន្លែង​ព្យាបាល​កូវីដ បន្ថែមទៀត​បន្ទាប់ពី​ចំនួន​អ្នកឆ្លង​កាន់តែ​កើនឡើង

កណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី៤ ខែឧសភានេះ បានអញ្ជើញចុះពិនិត្យវិទ្យាល័យឈូងលាភ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីរៀបចំជាកន្លែងសម្រាប់ព្យាបាលអ្នកមានផ្ទុកមេរោគកូវីដ១៩ នៅក្នុងខេត្តកណ្ដាលបន្ថែមទៀត បន្ទាប់ពីមានការកើនឡើងជាបន្តបន្ទាប់ នូវចំនួនអ្នកផ្ទុកមេរោគកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល។



ក្នុងឱកាសនេះលោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ ត្រូវរៀបចំទីកន្លែងនេះឱ្យបានសក្តិសមជាកន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ១៩ ត្រូវមានបន្ទប់អនាម័យឱ្យបានត្រឹមត្រូវ និងរៀបចំទីតាំងនេះឱ្យមានភាពសម្រម  ព្រមទាំងត្រូវរៀបចំកងកម្លាំងការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ២៤ ម៉ោងលើ ២៤ ម៉ោង។

គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ខេត្តកណ្ដាល មានអ្នកវិជ្ជមានមេរោគកូវីដ១៩ ចំនួន ១.៣៧៣នាក់ ដែលតួលេខនេះ នៅតែបន្តមានការកើនឡើងជាបន្តបន្ទាប់ ទើបតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល បង្កើតមណ្ឌលសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ថ្មីបន្ថែមទៀត៕

You can share this !

Loading...
អត្ថបទទាក់ទង