រយ:ពេល​២ថ្ងៃ អាជ្ញាធរ​សម្រុក​ដឹកស្បៀង​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទខ្ចប់​ចំនួន ៤មុឺនគ្រួសារ

អត្ថបទ៖ ម៉ៅ  នរិទ្ធិយ៉ា

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ខណ្ឌ រួមនឹងកម្លាំងកងទ័ព បានប្រញ៉ាប់ធ្វើសកម្មភាពដឹកជញ្ជូន និងចែកស្បៀងទាំងយប់ទាំងថ្ងៃ ជូនដល់ប្រជាពលរដ្ឋ ស្ថិតក្នុងតំបន់បិទខ្ទប់។ រយៈពេល ២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៣និងទី៤ ខែឧសភា ឆ្នាំ២០២១ កម្លាំងកងទ័ពជើងគោក រួមមានកម្លាំងទាហានអង្គរក្សផងដែរ បានសហការជាមួយអាជ្ញាធររាជធានី ខណ្ឌ ដឹកជញ្ជូន និងចែកជូនស្បៀងអាហារប្រមាណជាង ២០ម៉ឺន កញ្ចប់ហើយ ដើម្បីចែកដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ទាំងនោះ។



មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អាជ្ញាធរខណ្ឌនីមួយៗ បានបន្តសហការជាមួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋកំពុងខ្វះខាត នៅខណ្ឌមានជ័យចំនូន១ម៉ឺន៤ពាន់៧០០គ្រួសារ, នៅពោធិសែនជ័យចំនួន១ម៉ឺន៣ពាន់៧០០គ្រួសារ, ខណ្ឌសែនសុខ១ពាន់៣០០គ្រួសារ, ខណ្ឌព្រែកព្នៅ ១០០០គ្រួសារ, ខណ្ឌឬស្សីកែវចំនួន២០០០គ្រួសារ, ខណ្ឌជ្រោយចង្វា ១០០០គ្រួសារ, ខណ្ឌដូនពេញចំនួន៩០០គ្រួសារ, ខណ្ឌ៧មករា ១០០០គ្រួសារ, ខណ្ឌទួលគោក ៨០០គ្រួសារ, ខណ្ឌចំការមន ៦០០គ្រួសារ, ខណ្ឌច្បារអំពៅចំនួន៨០០គ្រួសារ, ខណ្ឌកំបូលចំនួន១២០០គ្រួសារ និងក្រុមការងារចំនួន៥០០។ ក្នុងចំនួននោះ ក៏មានការជួយឧបត្ថមចំពោះកងកម្លាំងទាហានជើងគោកនិងអង្គរក្សផងដែរ។

សូមបញ្ជាក់ថា កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ជាង ២០០នាក់ និងរថយន្តជាង ៦០គ្រឿង ដើម្បីដឹកជញ្ជូនស្បៀងអាហារចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង ១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ខណៈបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕

You can share this !

Loading...
អត្ថបទទាក់ទង