៤ខែឆ្នាំ ២០២១ កម្ពុជា​នាំចេញ​កៅស៊ូ​ទៅ​ទីផ្សារ​អន្តរជាតិ ក្នុង​តម្លៃ​ទឹកប្រាក់​ជិត ១០០លានដុល្លារ

អត្ថបទ៖ ចេង ឆហួត

ភ្នំពេញ៖ បើយោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល ៤ខែ ឆ្នាំ ២០២១ កម្ពុជានាំចេញកៅស៊ូទៅទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់មានតម្លៃជិត ១០០លានដុល្លារ កើនឡើងតិចតួចធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។

យោងតាមទិន្នន័យដដែលបានឲ្យដឹងថា រយៈពេល ៤ខែ ឆ្នាំ ២០២១ ចាប់ពីខែមករា ដល់ខែមេសា កម្ពុជា បាននាំចេញកៅស៊ូទៅទីផ្សារអន្តរជាតិ ក្នុងតម្លៃសរុប ៩៩,៨៧លានដុល្លារ កើនឡើង ២,៥ភាគរយ ពីចំនួន ៩៧,៤៣លានដុល្លារ ក្នុងរយៈពេលដូចគ្នាឆ្នាំមុន។ ទោះយ៉ាងណា សម្រាប់បរិមាណកៅស៊ូនាំចេញ គឺមិនបានកើនឡើងទេ ដោយមានចំនួនត្រឹម ៦១.០៥៦តោន ធ្លាក់ចុះ ១៥ភាគរយ ពីចំនួន ៧១.៧៤៩តោន។

ម្យ៉ាងវិញទៀត មូលហេតុដែលធ្វើឱ្យប្រាក់ចំណូលពីការនាំចេញកៅស៊ូរបស់កម្ពុជាកើនឡើង គឺដោយសារតម្លៃនៅដើមឆ្នាំនេះខ្ពស់ជាងមុន។

ទោះបីជាតម្លៃកៅស៊ូលើទីផ្សារអន្តរជាតិកើនឡើង ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្ទៃដីដាំដើមកៅស៊ូនៅកម្ពុជា មិនបានកើនឡើងទេ។

កំណើននៃតម្រូវការនៅប្រទេសចិន ដែលជាទីផ្សារធំជាងគេលើពិភពលោក បានធ្វើឱ្យតម្លៃកៅស៊ូនៅកម្ពុជា កើនឡើងចាប់តាំងពីដើមឆ្នាំ ២០២១មក ដោយពេលនេះ កៅស៊ូកម្ពុជាដឹកទៅដល់កំពង់ផែនៅប្រទេសវៀតណាម មានតម្លៃប្រហែល ១.៨០០ដុល្លារក្នុង ១តោន កើនពីជាង ១.៤០០ដុល្លារក្នុងរយៈពេលដូចគ្នាឆ្នាំមុន។

បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំដំណាំកៅស៊ូ ចំនួន ៤០៤.១៥៩ហិកតា ក្នុងនោះផ្ទៃដីដែលអាចចៀរជ័រ បានមានចំនួន ២៩២.៤៩៧ហិកតា ស្មើនឹង ៧២ភាគរយ និងផ្ទៃដីថែទាំមានចំនួន ១១១.៦៦៣ហិកតា ស្មើនឹង ២៨ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានកៅស៊ូ។

ដោយឡែក យោងតាមក្រសួងកសិកម្ម ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញកៅស៊ូជាង ៣៥ម៉ឺនតោន ទទួលបានចំណូលជាង ៤៨២លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅប្រទេសចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី៕

You can share this !

Loading...
អត្ថបទទាក់ទង