សហគមន៍​កសិកម្ម​ស្វាយកែវរមៀត​គិរីរម្យ ប្រកាស​រក​ក្រុមហ៊ុន​ដៃគូ​នាំចេញ​ផ្លែស្វាយស្រស់​ទៅ​ទីផ្សារចិន

អត្ថបទ៖ សុខ លីដា

កំពង់ស្ពឺ៖ សហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យដែលបច្ចុប្បន្ននេះអាចផ្គត់ផ្គង់ផ្លែស្វាយស្រស់យ៉ាងតិច ២ម៉ឺនតោន ក្នុងមួយឆ្នាំ កំពុងស្វែងរកក្រុមហ៊ុនដៃគូប្រមូលទិញផ្លែស្វាយពីសមាជិករបស់ខ្លួន ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន ខណៈដែលថ្មីៗនេះរដ្ឋាភិបាលចិនបានសម្រេចអនុញ្ញាតឲ្យកម្ពុជាអាចនាំចេញផ្លែស្វាយស្រស់ចូលទៅកាន់ទីផ្សាររបស់ខ្លួន។

អ្នកស្រី ឈិន ចំរើន នាយកប្រតិបត្តិសហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ បានឲ្យដឹងថា សហគមន៍មានបំណងរកក្រុមហ៊ុនដៃគូប្រមូលទិញផ្លែស្វាយសម្រាប់នាំចេញទៅទីផ្សារចិនដែលមានកិច្ចព្រមព្រៀងច្បាស់លាស់ និងអាចជឿទុកចិត្តបាន។

អ្នកស្រីបញ្ជាក់ថា បច្ចុប្បន្នសហគមន៍នេះ បានអនុលោមទៅតាមប្រព័ន្ធស្តង់ដាររបស់អន្តរជាតិភូតគាមអនាម័យ សម្រាប់ការនាំចេញស្របតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP) ហើយក៏កំពុងធ្វើកិច្ចការចាំបាច់មួយចំនួនទៀត ដើម្បីពង្រឹងនូវគុណភាព និងបរិមាណឲ្យស្របទៅទាមបទដ្ឋានស្តង់ដារ និងភូតគាមអនាម័យ ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន។

យ៉ាងណាក៏ដោយអ្នកស្រីយល់ឃើញថា ថ្វីដ្បិតរដ្ឋាភិបាលចិនបានសម្រេចអនុញ្ញាតឲ្យកម្ពុជា អាចនាំចេញផ្លែស្វាយស្រស់ទៅទីផ្សារខ្លួន បានក៏ដោយក្តី ប៉ុន្តែនៅក្នុងដំណាក់កាលដំបូងការនាំចេញ នឹងមិនទាន់ទូលំទូលាយដូចទីផ្សារប្រទេសវៀតណាម និងថៃនោះទេ ដោយសារតែបញ្ហារបាំងភូតគាមអនាម័យ និងលក្ខខណ្ឌមួយចំនួនទៀត។

អ្នកស្រីបានកត់សម្គាល់ថា ឈ្មួញចិន និងកូរ៉េ ពេលចុះមកទិញផ្លែស្វាយតែងតែទាមទារគុណភាពខ្ពស់ និងមានលក្ខខណ្ឌច្រើន ដែលខុសពីឈ្មួញវៀតណាម និងថៃ ផ្តល់លក្ខខណ្ឌងាយស្រួល និងទិញក្នុងតម្លៃថ្លៃ ហើយមានឈ្មួញវៀតណាមខ្លះទៀត ហ៊ានផ្តល់លុយទិញឲ្យទៅម្ចាស់ចម្ការមុនរយៈពេលមួយឆ្នាំថែមទៀតផង។

អ្នកស្រី ឈិន ចំរើន បានលើកឡើងថា ជាក់ស្តែងនៅក្នុងរដូវប្រមូលផ្លែស្វាយថ្មីៗនេះ នៅពេលស្វាយសម្បូរនៅលើទីផ្សារ ក្នុងគ្រាមានការព្រួយបារម្ភពីការរាតត្បាតនៃជំងឺកូវីដ១៩ ធ្វើឲ្យពុំសូវមានឈ្មួញចុះទិញ ប៉ុន្តែក្រុមហ៊ុនកែច្នៃផ្លែស្វាយរបស់ចិននៅក្នុងស្រុកមួយចំនួន បែរជាឆក់យកឪកាសទិញទម្លាក់ថ្លៃស្វាយរបស់កសិករក្នុងតម្លៃពី ១០០ទៅ ២០០រៀល ក្នុងមួយគីឡូក្រាម ដែលធ្វើឲ្យម្ចាស់ចម្ការមួយចំនួនសម្រេចចិត្តទុកផ្លែស្វាយឲ្យជ្រុះចោលមិនប្រមូលផល។ ខណៈឈ្មួញវៀតណាម និងថៃ ហ៊ានទិញ ក្នុងតម្លៃ ៥០០ទៅ ១០០០រៀល ក្នុងមួយគីឡូក្រាម។

អ្នកស្រីបានលើកឡើងទៀតថា ចំពោះលក្ខខណ្ឌក្រុមហ៊ុនប្រមូលទិញផ្លែស្វាយនាំចេញទៅទីផ្សារកូរ៉េវិញ គឺត្រូវការខ្នាតផ្លែស្វាយ ២ទៅ ៣ផ្លែ ដែលមានទង្ងន់មួយគីឡូក្រាម ខណៈស្វាយប្រហែល ៨៥ភាគរយ របស់សមាជិកសហគមន៍ គឺមានខ្នាតពី ៤ទៅ ៥ផ្លែ ទើបមានទង្ងន់មួយគីឡូក្រាម ដូច្នេះវាគឺជាចំណុចលំបាកដែលមិនអាចឈានទៅសម្រេចកិច្ចសន្យាទិញលក់ជា មួយក្រុមហ៊ុនបាន។

សមហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ មានសមាជិកចំនួន ៥៥នាក់ ដែលបានដាំដុះដំណាំស្វាយចំនួន ២០ម៉ឺនដើម កាលពីឆ្នាំ ២០២០ និងអាចផ្តល់ទិន្នផលផ្លែស្វាយចំនួន ២ម៉ឺនតោន ក្នុងមួយឆ្នាំ។

អ្នកស្រី ឈិន ចំរើន បានបន្ថែមថា ក្រៅពីនេះ សហគមន៍សិកម្មស្វាយកែវរមៀតគិរីរម្យ ក៏កំពុងស្វែងរកដៃគូ បង្កើតសិប្បកម្មកែច្នៃផ្លែស្វាយស្រស់ទៅជាដំណាប់ស្វាយ និងទឹកផ្លែស្វាយ សម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេស ដើម្បីកាត់បន្ថយហានិភ័យការទម្លាក់ថ្លៃពីឈ្មួញនាំចេញនៅក្នុងរដូវប្រមូលផលផ្លែស្វាយ ខណៈដែលនិន្នាការដាំដុះ និងទិន្នផលស្វាយកើនឡើងជារៀងរាល់ឆ្នាំ៕

You can share this !

Loading...
អត្ថបទទាក់ទង