អង្គការ​អុកស្វាម បើក​យុទ្ធនាការ រយៈពេល២ខែ តាម​ប្រព័ន្ធ​អនឡាញ ដើម្បីលើក​កម្ពស់​កិច្ចគាំពារ​មាតុភាព​នៅ​កម្ពុជា

ភ្នំពេញ៖ នៅក្នុងឱកាសទិវាពលកម្មអន្តរជាតិលើកទី១៣៥នាឆ្នាំនេះ អង្គការអុកស្វាម និងដៃគូនៅកម្ពុជា ឡាវ និងវៀតណាម បានរួមគ្នារៀបចំយុទ្ធនាការ “កិច្ចគាំពារមាតុភាព” ក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ និងដោះស្រាយលើរាល់បញ្ហាប្រឈម របស់កម្មការនីនៅក្នុងវិស័យខាងលើនេះ ដើម្បីទទួលបានកិច្ចគាំពារមាតុភាពពេញលេញ និងសមស្រប។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការអុកស្វាម ដែលបានចេញនៅថ្ងៃទី៣០ ខែមេសា បានបញ្ជាក់ថា  យុទ្ធនាការនេះ មានរយៈពេល២ខែ ធ្វើឡើងតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈម និងតម្រូវការរបស់កម្មការនី ក្នុងការទទួលបានអត្ថប្រយោជន៍កិច្ចគាំពារមាតុភាព។ យុទ្ធនាការនេះ ក៏ដើម្បីបង្កើនការយកចិត្តទុកដាក់ទៅដល់កម្មការនីនៅតាមវិស័យនានា ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជារឿយៗពុំទាន់ត្រូវបានគេគិតគូរពេញលេញនៅឡើយទាំងនៅប្រទេសកម្ពុជា និងតំបន់អាស៊ាន។

បើតាមអង្គការអុកស្វាម នៅក្នុងប្រទេសកម្ពុជា ស្ត្រីប្រមាណជាង ៩០% ក្នុងវិស័យការងារមិនទាន់បានទទួលកិច្ចគាំពារមាតុភាពនៅឡើយទេ ដោយសារស្ថានភាពការងារក្រៅប្រព័ន្ធរបស់ពួកគេ។ តាមរយៈយុទ្ធនាការ នេះ អង្គការអុកស្វាម និងដៃគូមានគោលបំណងជាក់លាក់ដើម្បីលើកកម្ពស់ការយល់ដឹង ជាពិសេសក្នុងកម្រិតអ្នកបង្កើតគោលនយោបាយថ្នាក់ជាតិ អំពីតម្រូវការបន្ទាន់ដែលមាននៅក្នុងបទប្បញ្ញត្តិស្តីពី កិច្ចគាំពារមាតុភាពសម្រាប់កម្មការនី និងស្រ្តីជានយោជិកទាំងអស់ ហើយជាពិសេសនោះគឺស្រ្តីកម្មករក្រៅប្រព័ន្ធ។

យោងតាមរបាយការណ៍របស់អង្គការអុកស្វាម ដែលនឹងចេញផ្សាយនាពេលឆាប់ៗនេះ បានឱ្យដឹងថា ច្បាប់ខ្លះមិនទាន់បានយកចិត្តទុកដាក់ក្នុងការផ្តល់កិច្ចគាំពារមាតុភាពឱ្យបានប្រសើរ សម្រាប់កម្មការនី និងនិយោកជិកស្ត្រីទាំងអស់នៅឡើយ។ ជាក់ស្តែង ច្បាប់ការងាររបស់កម្ពុជា នៅពុំទាន់បានបញ្ចូលកម្មការនីក្រៅប្រព័ន្ធក្នុងការទទួលបានកិច្ចគាំពារសង្គមណាមួយនៅឡើយនោះទេ។

ដោយមើលឃើញពីបញ្ហាប្រឈមនៃការពរពោះ និងមាតុភាព ជាពិសេសសម្រាប់កម្មការនី ក្រៅប្រព័ន្ធ អង្គការអុកស្វាមសូមធ្វើការអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ធ្វើការពិចារណា លើសង្គតិភាពច្បាប់ និងគោលនយោបាយឱ្យបានប្រសើរ និងពេញលេញដោយស្របទៅតាមអនុសញ្ញា ការពារមាតុភាពលេខ១៨៣(២០០០) ដែលចងក្រងជាគោលការណ៍គំរូចំនួន៥ផ្នែកធំៗ រួមមាន ការសម្រាកមាតុភាព អត្ថប្រយោជន៍ផ្នែកប្រាក់គាំពារ និងវេជ្ជសាស្ត្រ ការការពារសុខភាពនៅកន្លែងធ្វើការ សម្រាប់ម្តាយ និងទារក អំឡុងពេលមានផ្ទៃពោះ និងអំឡុងពេលបំបៅដោះ ការការពារ និងការមិនរើសអើង ចំពោះការងារ និងការបំបៅកូន។

យុទ្ធនាការ កិច្ចគាំពារមាតុភាព នេះជាផ្នែកមួយនៃគម្រោងកិច្ចគាំពារសង្គមរបស់អង្គការ     អុកស្វាម ដែលគាំទ្រដោយក្រសួងការបរទេសប៊ែលហ្សិក ក្នុងគោលបំណងលើកកម្ពស់ការងារសមរម្យក្នុងតំបន់អាស៊ាន និងអប់រំផ្សព្វផ្សាយឲ្យមានការទទួលស្គាល់កិច្ចគាំពារសង្គមថាជាផ្នែកមួយជួយកាត់បន្ថយវិសមភាព ភាពងាយរងគ្រោះ និងភាពក្រីក្រ។ កិច្ចគាំពារមាតុភាព គឺជាផ្នែកមួយសំខាន់នៃវិធានការគាំពារសង្គមគ្រប់ជ្រុងជ្រោយ៕

សូមអានសេចក្តីប្រកាសព័ត៌មានពិស្តារ ដូចខាងក្រោម៖

You can share this !

Loading...
អត្ថបទទាក់ទង