×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

ក្រសួង​បរិស្ថាន និង​អង្គការ​ដៃគូ កំពុង​ធ្វើការ​ជំរឿន​សត្វត្មាត​ឡើងវិញ ខណៈ​ឆ្នាំ២០២០ សត្វត្មាត​មានត្រឹម​១២៩ក្បាល​ប៉ុណ្ណោះ

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងអង្គការដៃគូ បានចុះទៅធ្វើការជំរឿនសត្វត្មាតឡើងវិញក្នុងឆ្នាំ២០២១ នៅលើទីតាំងចំនួន ៤កន្លែងផ្សេងគ្នា នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដែលមានវត្តមានសត្វត្មាតរស់នៅ ខណៈក្នុងឆ្នាំ២០២០ សត្វត្មាតក្នុងប្រទេសកម្ពុជាមានច្រើនបំផុតត្រឹម ១២៩ក្បាល ប៉ុណ្ណោះ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ថា ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កំពុងធ្វើជំរឿនសត្វត្មាតប្រចាំឆ្នាំ២០២១ ធ្វើឡើងនៅអាហារដ្ឋានត្មាតក្នុងភូមិដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ ដើម្បីដឹងថា តើនៅក្នុងតំបន់ការពារធម្មជាតិមានវត្តមានសត្វត្មាតនៅកម្ពុជា ដើម្បីងាយស្រួលក្នុងការរៀបចំផែនការការពារ និងអភិរក្សឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅថែរក្សាឱ្យបាននូវជីវៈចម្រុះដែលកម្ពុជាមាន។

ចំពោះការធ្វើជំរឿនេះ នៅអាហារដ្ឋានត្មាតក្នុងភូមិដងផ្លិតក្នុងដែនជម្រកសត្វព្រៃឆែប នៅពេលផ្តល់ចំណីប្រចាំខែកាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ អ្នកជំនាញបានរកឃើញវត្តមានសត្វត្មាតចំនួន ៦១ក្បាល ក្នុងនោះរួមមានត្មាតផេះចំនួន៤០ក្បាល ត្មាតភ្លើងចំនួន២ក្បាល និងត្មាតត្នោតចំនួន១៩ក្បាល។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុងខេត្តព្រះវិហារ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ សមាគមអភិរក្សសត្វព្រៃ WCS បានអនុវត្តសកម្មភាពអភិរក្សនៅតាមតំបន់ការពារធម្មជាតិ តាមរយៈការផ្តល់ចំណីបន្ថែមក្នុងមួយខែ ចំនួន២ដងដល់សត្វត្មាត និងការពារសំបុកពងកូន ព្រមទាំងអប់រំពលរដ្ឋឱ្យយល់ដឹងពីកត្តាប្រឈមដល់សត្វត្មាត។ សត្វត្មាត ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក តែនៅមានវត្តមាននៅកម្ពុជារួមមាន ត្មាតផេះ ត្មាតភ្លើង និងត្មាតត្នោត ហើយសត្វត្មាតទាំងនោះមានវត្តមានច្រើនជាងគេនៅភូមិដងផ្លិតក្នុងដែនជម្រកសត្វព្រៃឆែប។

ក្រសួងបរិស្ថាន បានសហការជាមួយអង្គការអន្តរជាតិនានា ធ្វើជំរឿនសត្វត្មាតចំនួន ៥ដង ក្នុងមួយឆ្នាំ។ តាមលទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០២០ ចំនួនសត្វត្មាតច្រើនបំផុតមានត្រឹម ១២៩ក្បាល ប៉ុណ្ណោះក្នុងប្រទេសកម្ពុជា។ ពួកវារស់នៅជាហ្វូងហើយស៊ីសាកសពជាអាហារ។ សត្វត្មាតជាប្រភេទសត្វកម្រ និងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួនសត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន សហការជាមួយអង្គការដៃគូនានាខិតខំប្រឹងប្រែងការពារនិងអភិរក្សក៏ដោយ។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា មូលហេតុដែលនាំឱ្យសត្វត្មាតនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះខ្លាំងដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុល។ ការនេះ ដោយសារប្រជាសហគមន៍នៅតាមតំបន់មួយចំនួនបានប្រើ ប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំង ដើម្បីចាប់សត្វស្លាប និងថនិកសត្វផ្សេងៗ ហើយការបំពុលនេះ ក៏ជាមូលហេតុចម្បងដែលបណ្ដាលឱ្យសត្វត្មាតស្លាប់ ដោយសារតែសត្វត្មាតទាំងនោះស៊ីសាកសពសត្វស្លាប់ដោយសារតែថ្នាំពុល៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង