×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

រដ្ឋមន្ត្រី​សង្គមកិច្ច បញ្ជាក់​ថា ពលរដ្ឋ​ប្រមាណ ២០ម៉ឺននាក់ នឹង​ទទួល​បាន​ផលពី​កម្មវិធី​ជំនួយ​សង្គម​ជាសាច់ប្រាក់​របស់​រាជរដ្ឋាភិបាល

ដោយ ៖ សន ពិសិដ្ឋ

ភ្នំពេញ ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ឆ្លងកាត់តាមការសម្ភាសន៍កំណត់អត្តសញ្ញាណ វគ្គទី១ ដែលបានធ្វើឡើង ចម្លោះពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ បានរកឃើញថា មានពលរដ្ឋជាង ៦ម៉ឺន១ពាន់គ្រួសារ ស្មើនឹងប្រមាណ ២០ម៉ឺននាក់ ដែលនឹងទទួលបានផលពីកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលមានការបិទខ្ទប់, អ្នកឆ្លងជំងឺកូវីដ-១៩ និងអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ២០២១។

លោករដ្ឋមន្ត្រី បានឲ្យដឹងដែរថា ចំពោះថវិកានៃការចំណាយនោះ ស្មើនឹងថវិកាជាង ១៦ប៊ីលានរៀល ឬស្មើនឹងប្រមាណ ៤លានដុល្លារអាមេរិក សម្រាប់វគ្គទី១នេះ ដែលជាថវិកាផ្ទាល់របស់រាជរដ្ឋាភិបាល។

ការលើកឡើងនេះ លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីនីតិវិធី និងយន្តការ នៃការបើកផ្តល់សម្រាប់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ មានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ២០២១។

ជាមួយគ្នានោះ លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ បានលើកឡើងដែរថា រាជរដ្ឋាភិបាល ទុករយៈពេល១សប្តាហ៍ ពោលគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ សម្រាប់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ និងមានជីវភាពលំបាក ហើយមិនទាន់ទទួលបានការសម្ភាសន៍, សូមទំនាក់ទំនងទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការសម្ភាសន៍ ឈានដល់ការទទួលបានផល ពីកម្មវិធីជំនួយសង្គមជាសាច់ប្រាក់នេះ។

ក្នុងសន្និសីទសារព័ត៌មាននេះផងដែរ, លោក ឈួន វឌ្ឍនភក្តី នាយកគ្រប់គ្រងអាជីវកម្មសហគ្រាសនៃធនាគារឯកទេសវីង បានបង្ហាញពីមោទនភាព ក្នុងនាមជាក្រុមហ៊ុនឯកជន ដែលត្រូវបានរាជរដ្ឋាភិបាល ជ្រើសរើសសម្រាប់ការបើកផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ក្នុងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់នេះ។

លោកថា នេះមិនមានជាលើកដំបូងនោះទេ សម្រាប់ធនាគារឯកទេសវីង ខណៈកន្លងក៏មកធ្លាប់បានធ្វើការងារក្នុងគម្រោងជាច្រើន ជាមួយរាជរដ្ឋាភិបាល ក្នុងការបើកផ្តល់សាច់ប្រាក់ ជូនប្រជាពលរដ្ឋកម្ពុជា ដូចជា៖ ជូនស្ត្រីមានផ្ទៃពោះ និងប័ណ្ណក្រ១ និងក្រ២ជាដើម។

លោក ឈួន វឌ្ឍនភក្តី បានបញ្ជាក់ថា សព្វថ្ងៃ ធនាគារឯកទេសវីង មានភ្នាក់ងារជាង ៩ពាន់ ៣០០កន្លែង នៅទូទាំងប្រទេស។ ក្នុងនោះនៅរាជធានីភ្នំពេញ ជាង ២ពាន់ ៣០០កន្លែង, ២៥១កន្លែង នៅខេត្តព្រះសីហនុ និងជិត១០០ភ្នាក់ងារ នៅក្រុងតាខ្មៅ នៃខេត្តកណ្តាល ក្នុងការបើកសាច់ប្រាក់ជូនដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋ។

សូមរំលឹកថា កម្មវិធីបើកការផ្តល់សាច់ប្រាក់ឧបត្ថម្ភ ជូនប្រជាពលរដ្ឋ និងគ្រួសារគោលដៅ ដែលជួបបញ្ហាដោយសារជំងឺកូវីដ-១៩នេះ ត្រូវបានចាប់ផ្តើមបើកជូនអ្នករងគ្រោះហើយ កាលពីថ្ងៃទី៩ ខែមិថុនាម្សិលមិញ ក្រោមការប្រកាសជាផ្លូវការ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង