×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

ការពន្លឿន​ចាក់វ៉ាក់សាំង​របស់​កម្ពុជា កំពុង​ជំរុញ​ការងើប​ឡើងវិញ​នៃ​វិស័យទេសចរណ៍

ភ្នំពេញ៖ ទេសចរផ្ទៃក្នុងរបស់កម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានជាបណ្តើរៗឡើងវិញហើយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបិទបញ្ចប់បម្រាមបិទខ្ទប់រាជធានីភ្នំពេញ, ទីក្រុងតាខ្មៅនៃខេត្តកណ្តាល និងតំបន់មួយចំនួនទៀត ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានផ្ទុះក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ »។

ការដាក់ចេញវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការបង្កើនល្បឿនចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺឧបករណ៍ដ៏សំខាន់ ដែលជួយការពារសុខភាពរបស់ប្រជាពលរដ្ឋ, ជំរុញដល់សកម្មភាពសេដ្ឋកិច្ច ក៏ដូចជា វិស័យទេសចរណ៍ ឲ្យងើបឡើងវិញបានឆាប់រហ័ស។

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរបស់រាជរដ្ឋាភិបាល គិតមកដល់ពេលនេះប្រជាពលរដ្ឋកម្ពុជា និងជនបរទេសនៅកម្ពុជា ជាង ២,៧លាននាក់ ស្មើនឹងជាង ២៧ភាគរយ នៃចំនួនប្រជាពលរដ្ឋគោលដៅត្រូវចាក់វ៉ាក់សាំង បានចាក់វ៉ាក់សាំងរួចរាល់។

តាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ ០៥-០៦ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៧៦.៦៩៨នាក់ ក្នុងនោះភ្ញៀវជាតិ ៧៥.៧៨៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩១២នាក់។ចំនួននេះមានការកើនឡើងប្រមាណ ៧,១៩% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា កាលពីឆ្នាំ ២០២០នោះ គឺថយចុះដល់ទៅ ៤៩,៨៨%។

លោក រដ្ឋមន្ត្រី ថោង ខុន បានឲ្យដឹងទៀតថា គោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរ ណ៍បែបធម្មជាតិ និងអេកូទេសចរណ៍ថ្មីៗមួយចំនួន ដែលមានវិសាលភាពធំទូលាយ និងមានហានិភ័យទាប បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងបរិបទកូវីដនេះ ដូចជា សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ សហគមន៍អេកូទេសចរណ៍កោះសាមសិប ក្នុងខេត្តក្រចេះ ជាដើម។

រមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានបន្តខិតខំអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្តនីមួយៗ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តក្រចេះ, ខេត្តបាត់ដំបង, ខេត្តកំពត, ខេត្តព្រះសីហនុ, ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ។ ដោយឡែក តំបន់ខ្លះនៃរាជធានីភ្នំពេញ និងខេត្តមួយចំនួនមានការកើនឡើងនៃជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានបង្កើននូវវិធានការគ្រប់គ្រង និងការបិទខ្ទប់នៅតំបន់ខ្លះ ដែលធ្វើឱ្យចំនួនទេសចរនៅតាមគោលដៅទេសចរណ៍នៅតំបន់ទាំងនោះ មានការថយចុះជាងសប្តា៍មុន។

តាមការគ្រោងទុក ក្រសួងទេសចរណ៍ មានផែនការទទួលភ្ញៀវទេសចរបរទេសចាក់វ៉ាក់សាំងរួចរាល់ ដែលមកពីតំបន់ដែលមានហានិភ័យទាប នៅអំឡុងត្រីមាសទី ៤ឆ្នាំ ២០២១នេះ។ គោលដៅដំបូងគេសម្រាប់ការបើកទទួលភ្ញៀវទេសចរមកពីក្រៅប្រទេសឡើងវិញនេះ នឹងចាប់ផ្តើមនៅខេត្តសៀមរាបមុនបំដូងគេ។

ជាងមួយឆ្នាំហើយដែលជំងឺកូវីដ១៩ បានរាតត្បាតនៅលើពិភពលោក។ ជាងមួយឆ្នាំនេះ កម្ពុជាបានរកឃើញមនុស្ស ៣៤.៨៣៣នាក់ កើតជំងឺកូវីដ១៩ ហើយ ២៦៦នាក់ បានស្លាប់បាត់ បង់ជីវិត។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

គិតពីត្រឹមថ្ងៃទី០៧ ខែកុម្ភៈ មកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៦លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤,៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង