×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

រដ្ឋមន្ត្រី​ការបរទេសចិន បាន​អះអាងថា ចិន នឹង​នាំចូល​ផលិតផល​កសិកម្ម​បន្ថែម​ទៀតពី​កម្ពុជា ជាពិសេស​អង្ករ និង​ស្វាយ

ចិន៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី បានអះអាងថា ប្រទេសចិន នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេស គឺ អង្ករ និងស្វាយ។
ការអះអាងនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងលោក វ៉ាង យី ជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នាទីក្រុងឆុងឈីង ប្រទេសចិន។

ក្នុងជំនួប ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន។ ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដូចដែកថែប ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ។

លោក វ៉ាង យី បានរំលឹកឡើងវិញនូវការបន្តគាំទ្ររបស់ចិនដល់ការអភិវឌ្ឍជាតិរបស់កម្ពុជា និងការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ដើម្បីបន្តជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ-១៩ រដ្ឋាភិបាលចិន នឹងបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៥០ ម៉ឺនដូស ហើយវ៉ាក់សាំង ៤,៥ លានដូសទៀត នឹងដឹកដល់កម្ពុជាក្នុងខែមិថុនានេះ។ ក្រៅពីនេះ រដ្ឋបាលក្រុងឆុងឈីង ក៏បានបរិច្ចាគ សម្ភារវេជ្ជសាស្ត្រដែលមានតម្លៃ ១,១ លានយ័ន(១៧២.០០០ដុល្លារសហរដ្ឋអាមេរិក) ផងដែរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានឯកភាពពន្លឿននីតិវិធីផ្ទៃក្នុង សម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាទេសចរណ៍រវាងប្រទេស ទាំងពីរ។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅជូនដល់ថ្នាក់ដឹកនាំចិនចំពោះជំនួយដ៏សប្បុរស និងទាន់ពេលវេលា រួមមានឧបករណ៍វេជ្ជសាស្ត និងវ៉ាក់សាំង ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរខ្ពស់ចំពោះប្រទេសចិន ដែលសម្រេចបាននូវសមិទ្ធផលដ៏ធំធេងក្នុងការអភិវឌ្ឍជាតិរបស់ខ្លួន ជាពិសេសការសម្រេចបាននូវគោលដៅសតវត្សរ៍ទី១ ក្នុង ការកសាងសង្គមប្រកបដោយវិបុលភាពមធ្យម។

សូមបញ្ជាក់ថា ក្រោយជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានធ្វើជាសាក្សី ក្នុងការចុះហត្ថលេខាលើ ឯកសារសំខាន់ៗចំនួនពីរគឺ៖ អនុស្សរណៈនៃការយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងគម្រោងកម្មវិធីស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ សម្រាប់ឆ្នាំ២០២១-២០២៥ ក៏ដូចជាការសម្ពោធនូវការបើកការិយាល័យកុងស៊ុលចិននៅខេត្តព្រះសីហនុ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង